អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) លោក John Kirby បានប្រាប់ទូរទស្សន៍ CNNថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងពិភាក្សាគ្នាអំពីវិធានការដែលត្រូវចាត់ឡើង បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមហេសបូឡាលោក ហាសសាន់ ណាស្រាឡា(HassanNasrallah)។

លោក Kirby បាននិយាយថា៖«យើងកំពុងទំនាក់ទំនងជាមួយសមភាគីអ៊ីស្រាអែលរបស់យើង»។ លោកបានបន្ថែមថា៖«យើងកំពុងបន្តពិភាក្សាជាមួយអ៊ីស្រាអែលអំពីអ្វីដែលជាជំហានបន្ទាប់ដ៏ត្រឹមត្រូវ» ដោយកត់សម្គាល់ថា មានតែថ្នាក់ដឹកនាំអ៊ីស្រាអែលប៉ុណ្ណោះដែលអាចផ្តល់យោបល់លើដំណើរការធ្វើសេចក្តីសម្រេចចិត្ត មុនធ្វើការវាយប្រហារលើលោក ណាស្រាឡា។ យោងតាមមន្ត្រីសេតវិមាន សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះលទ្ធភាពរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ា។

លោក បានសង្កត់ធ្ងន់ថា៖«យើងបានមើលវោហាស័ព្ទ ចេញពីប្រទេសអ៊ីរ៉ង់ ហើយយើងនឹងមើលនូវអ្វីដែលពួកគេធ្វើ។ យើងមានសមត្ថភាពក្នុងការការពារកងទ័ពរបស់យើង និងទីតាំងឈរជើងរបស់យើង ក៏ដូចជាអ៊ីស្រាអែលផ្ទាល់ ប្រសិនបើការវាយប្រហារណាមួយ កើតឡើងនោះ»។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុកមួយ ដែលមានឈ្មោះថា Northern Arrows ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ចលនាហេសបូឡា ដោយបានធ្វើការវាយប្រហារតាមអាកាសដ៏ធំ នៅទូទាំងប្រទេសលីបង់ ដោយមានការតាំងទីលំនៅរាប់សិបកន្លែង នៅភាគខាងត្បូង និងខាងកើតនៃប្រទេសជាគោលដៅ។ មេដឹកនាំក្រុមហេសបូឡា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយលើទីក្រុងបេរូត ហើយការស្លាប់របស់លោក ត្រូវបានបញ្ជាក់ជាផ្លូវការដោយគណបក្សស៊ីអ៊ីត។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានគាំទ្រសកម្មភាពរបស់អ៊ីស្រាអែល។