ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រមុខទូតរបស់កូរ៉េខាងត្បូង និងចិន បានយល់ព្រមបន្តកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រទេសទាំងពីរនៅក្រៅវេទិកានៃជំនួបពហុភាគី ដែលជាការបង្ហាញឲ្យឃើញ ពី កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី យូន សុក យ៉ូល ( Yoon Suk Yeol) និងប្រធានាធិបតីចិន ស៊ី ជីនពីង ( Xi Jinping) ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា លោក រដ្ឋមន្ត្រីការបរទេស Cho Tae-yul និងសមភាគីចិន លោក វ៉ាង យី (Wang Yi) បានឈានដល់កិច្ចព្រមព្រៀង ខណៈដែលពួកគេ បានជួបប្រជុំគ្នា នៅទីក្រុងញូវយ៉ក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងសន្តិសុខ នៅឧបទ្វីបកូរ៉េ។
កិច្ចព្រមព្រៀងនេះ បានស្នើយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងជំរុញឲ្យមានកិច្ចប្រជុំកំពូលរវាង លោក យូន និងលោក ស៊ី នៅក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសប៉េរូ ក្នុងខែវិច្ឆិកា និងកិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយ ដែលនឹងប្រារព្ធឡើង នៅ ទីក្រុង Gyeongju នៃប្រទេសកូរ៉េខាងត្បូង។
ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខណៈពេលដែលវាយតម្លៃថា ការផ្លាស់ប្តូរកម្រិតខ្ពស់ បានកើតឡើងយ៉ាងឆាប់រហ័សរវាងកូរ៉េខាងត្បូង និងចិន នៅឆ្នាំនេះ ភាគីទាំងពីរ បានយល់ព្រមបន្តជាមួយនឹងការផ្លាស់ប្តូរកម្រិតខ្ពស់នៅឯកិច្ចប្រជុំពហុភាគី នៅឆមាសទី២នៃឆ្នាំនេះ ហើយធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗពីជំនួបទាំងនេះ។