ប្រភពបានប្រាប់សារព័ត៌មាន Reuters ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានផ្លាស់ទៅកន្លែងលាក់ខ្លួន ហើយនៅតែស្ថិតក្នុងទីតាំងដែលមានសុវត្ថិភាព ក្នុងប្រទេស។
ការសម្រេចនេះបានធ្វើឡើង ដើម្បីការពារសុវត្ថិភាពរបស់មេដឹកនាំរូបនេះ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល នៅខាងក្រៅទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដែលបានសម្លាប់លោក លោក Hassan Nasrallah ដែលជាមេដឹកនាំ និងសមាជិកស្ថាបនិកនៃក្រុមភេរវករហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។
ជាមួយគ្នានេះ ប្រភពចំនួន ២ ក៏បានប្រាប់សារព័ត៌មាន Reuters ដែរថា អ៊ីរ៉ង់បានទាក់ទងទៅក្រុមហេសបូឡា និងកងកម្លាំងតំណាងខ្លួនផ្សេងទៀត នៅក្នុងតំបន់ ដើម្បីកំណត់ថា តើត្រូវចាត់វិធានការបែបណា ដើម្បីឆ្លើយតបទៅនឹងការសម្លាប់លោក Nasrallah នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លង លោក Khamenei បានលើកឡើងថា៖ «ជោគវាសនារបស់តំបន់ នឹងត្រូវបានកំណត់ដោយកងកម្លាំងតស៊ូ ដោយមានក្រុមហេសបូឡានៅសមរភូមិជួរមុខ»។
ខណៈពេលដែលប្រកាសកាន់ទុក្ខជាសាធារណៈរយៈពេល ៥ថ្ងៃ លោក Khamenei បានហៅសពលោក Nasrallah ថា ជា «អ្នកលើកទង់នៃការតស៊ូ» នៅក្នុងតំបន់។ លោក Khamenei បាននិយាយថា៖ «ឈាមរបស់ទុក្ករបុគ្គល (អ្នកបូជាជីវិត) នឹងមិនត្រូវបានបាត់បង់ដោយគ្មានការសងសឹកនោះឡើយ»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាជាច្រើននាក់ផ្សេងទៀត នៅក្រុងបេរូត ជាពិសេសក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ បន្ថែមពីលើការវាយប្រហារដែលបានសម្លាប់លោក Nasrallah៕