ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភារចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃ ICC Preah Vihear ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាការស្នើដាក់ប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភ័ណពិភពលោកនៅឆ្នាំ២០២២។ ដោយកិច្ចជុំនោះ មានការចូលរួមពីសហប្រធានឥណ្ឌា សហប្រធានចិនស្ថាប័ន ICC Preah Vihear តំណាងអង្គការយូណេស្កូ និងអ្នកជំនាញបច្ចេកទេសអន្តរជាតិ និងជាតិ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញបច្ចេកទេស (Experts) និងសហប្រធានឥណ្ឌា និងចិន បានបង្ហាញនូវការគាំទ្រ និងកោតសរសើរ ចំពោះការងារដែលអ្នកបច្ចេកទេសខ្មែរបានធ្វើពិតមែនតែមានបញ្ហាកូវីដ-១៩ ដោយការងារនៅបន្តដែលមានទាំងការជួសជុលជណ្ដើរការកំណត់ព្រំប្រទល់ការជួសជុលរម្មណីយដ្ឋានប្រាសាទកោះកេរ ដែលរាជរដ្ឋាភិបាលដាក់ស្នើទៅអង្គការយូនីស្កូរ ដើម្បីសុំចុះបញ្ជីនៅឆ្នាំក្រោយ។
លោកជំទាវ បានបន្តថា ក្នុងការងារជួសជុលប្រាសាទកោះកេរនេះ គឺមានការជួយឧបត្ថម្ភពីឥណ្ឌាជួសជុលគោបុរៈទី៥ ការជួយឧបត្ថម្ភពីមិត្តចិន ក្នុងការផ្ដល់វ៉ាក់សាំងដល់មន្ត្រីធ្វើការងារនេះ ហើយអាមេរិកក៏បានជួយជួសជុលជណ្ដើរភាគខាងជើង ចំណែកភាគីបែលហ្សិកបានជួយរៀបចំឡើងវិញនូវវេបសាយ NAPV។
លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅថ្ងៃទី៣០ ខែកញ្ញា អ្នកជំនាញបច្ចេកទេសរបស់អេកូម៉ូស នឹងមកដើម្បីវាយតម្លៃផ្ទាល់នៅលើទីតាំងផ្ទាល់ ខណៈមុនខាងអ្នកជំនាញមកវាយតម្លៃនេះ ក្នុងរយៈពេលកន្លងមក ខាងអាជ្ញាធរព្រះវិហារបានធ្វើការពេញទំហឹងទាំងការរៀបចំផ្នែកការគ្រប់គ្រង ផ្នែកជួសជុល និងផ្នែកការអភិវឌ្ឍ ក៏ដូចជារៀបចំចំនួនប្រជាជនឲ្យនៅក្នុងផែនទីត្រឹមត្រូវ និងផែនទីចង្អុលផ្លូវទេសចរណ៍ទៅថ្ងៃអនាគត នៅតំបន់កោះកេរនោះដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប បន្តចូលរូមថែរក្សាសម្បត្តិវប្បធម៌ និងធម្មជាតិជាដើមឲ្យបានគង់វង្ស ដើម្បីបានបន្តដល់កូនចៅជំនាន់ក្រោយព្រោះថា ការអភិរក្សថែរក្សាសម្បត្តិទាំងអស់នេះ មិនមែនសម្រាប់តែរាជរដ្ឋាភិបាល ឬក្រសួងជំនាញនោះទេ៕