អ្នកជំនាញខាងសេដ្ឋកិច្ចបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News Digital ថា សំណើសេដ្ឋកិច្ចដែលអតីតប្រធានាធិបតី លោក Donald Trump និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានដាក់ចេញ នឹងបន្តបង្កើនឱនភាពថវិការបស់ប្រទេសដែលកំពុងឡើងខ្ពស់រួចហើយ ដោយកត់សម្គាល់ថា បេក្ខជនទាំង២ ហាក់ដូចជាមិនខ្វល់ខ្វាយជាពិសេសជាមួយនឹងការទទួលខុសត្រូវសារពើពន្ធ។
ទាំងលោក Trump និងលោកស្រី Harris មិនបានបញ្ចេញផែនការគោលនយោបាយជាក់លាក់នោះឡើយ សម្រាប់ដោះស្រាយឱនភាពរបស់ប្រទេស។ ផែនការគោលនយោបាយ ១៦ចំណុចរបស់លោក Trump នៅលើគេហទំព័ររបស់លោក បានលើកឡើងតែម្ដងពីពាក្យ «ឱនភាព»។
ចំណែកវេទិកាសេដ្ឋកិច្ចរបស់លោកស្រី Harris ជាច្រើនដង ពិតជាបាននិយាយយោងដល់ឱនភាព ហើយនិយាយថា លោកស្រី Harris មាន «ការប្តេជ្ញាចិត្ត» ចំពោះការទទួលខុសត្រូវសារពើពន្ធ ប៉ុន្តែគ្រាន់តែស្នើឲ្យដំឡើងពន្ធលើអ្នកមានទ្រព្យសម្បត្តិ និងសាជីវកម្ម ជាដំណោះស្រាយប៉ុណ្ណោះ។
សេដ្ឋវិទូជាន់ខ្ពស់របស់មូលនិធិពន្ធដារ លោកស្រី Erica York បាននិយាយថា «ខ្ញុំគិតថាហេតុផលដែលបេក្ខជនទាំង២ ពិតជាមិននិយាយពាក់ព័ន្ធនឹងការទទួលខុសត្រូវសារពើពន្ធ គឺដោយសារតែបេក្ខជនទាំង២ មិនទទួលខុសត្រូវផ្នែកសារពើពន្ធ។ អ្នកទាំង២ បានបន្សល់ទុកនូវព័ត៌មានលម្អិតជាច្រើនដែលមិនបានបញ្ជាក់ច្បាស់លាស់ ដូច្នេះ នៅតែមានសំណួរអំពីរបៀបដែលគោលនយោបាយចំណាយរបស់លោកស្រី Harris នឹងបន្ថែម។ ហើយតើលោក Trump ពិតជាលុបចោលឥណទានពន្ធថាមពលបៃតងទាំងអស់បានមែនទេ? តើគាត់ពិតជានឹងដំឡើងពន្ធទាំងអស់ដែគាត់បានសន្យាដែរ ឬទេ?»
នៅពេលដែលត្រូវបានសួរថា តើលោកស្រី York មានសារអ្វី សម្រាប់លោក Trump និងលោកស្រី Harris នៅពេលនិយាយអំពីឱនភាពនោះ លោកស្រីបានប្រាប់បេក្ខជនទាំង២ ឲ្យ «ប្រឈមនឹងការពិត»។ បើយោងតាម «កម្មវិធីតាមដានឱនភាព» នៃមជ្ឈមណ្ឌលគោលនយោបាយរបស់គណបក្សធំៗទាំង២ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធ ឆ្នាំ២០២៤ រដ្ឋាភិបាលកំពុងមានឱនភាពសរុបចំនួន ១,៩សែនកោដិដុល្លារ៕