អង្គការសហប្រជាជាតិ និងដៃគូនានា បានចាប់ផ្តើមអំពាវនាវរកជំនួយមនុស្សធម៌សម្រាប់ទឹកប្រាក់ចំនួន១៣៤លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការគាំទ្រដល់សហគមន៍ រងផលប៉ះពាល់ដោយទឹកជំនន់ដែលកំពុងកើនឡើងនៅក្នុងប្រទេសបង់ក្លាដែស។ ការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បាននិយាយថា ស្ថានភាពធ្ងន់ធ្ងរ ហើយទាមទារការយកចិត្តទុកដាក់ជាបន្ទាន់។
ចាប់តាំងពីខែឧសភាមក ប្រទេសបង់ក្លាដែស បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមកចំនួនបួនលើក និងការបំផ្លាញទាក់ទងនឹងអាកាសធាតុ ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនចំនួន១៨,៤លាននាក់ និងបង្កការខាតបង់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធ។
ការិយាល័យ និយាយថា ការអំពាវនាវរកជំនួយមនុស្សធម៌ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅក្នុងខែមិថុនា សម្រាប់ព្យុះស៊ីក្លូន Remal។
ខណៈសហគមន៍នានា ប្រឈមមុខទៅនឹងអាកាសធាតុមិនអំណោយផលខ្លាំងជាងមុន នៅមុនដំណាច់ឆ្នាំនេះ ដែលតម្រូវការបច្ចុប្បន្នគឺត្រូវតែដោះស្រាយ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ។
រដ្ឋាភិបាលប្រទេសបង់ក្លាដែស បានបង្កើតផែនការឆ្លើយតបមនុស្សធម៌ សម្រាប់តម្រូវការបន្ទាន់បំផុតរហូតដល់ខែមីនា ឆ្នាំ២០២៥។
ផែនការនេះ មានគោលបំណងឈានទៅដល់ប្រជាជនចំនួន២,៥លាននាក់នៅទូទាំង២៨ស្រុករបស់ប្រទេស។