ក្តីសង្ឃឹមនៃការកឃើញជនអន្តោប្រវេសន៍រាប់សិបនាក់បាត់ខ្លួន ក្រោយទូករបស់ពួកគេលិចនៅជិតប្រជុំកោះ Canary កាន់តែលែងមាន ដែលនឹងធ្វើឲ្យវាក្លាយជាឧបទ្ទេវហេតុស្លាប់ជនអន្តោប្រវេសន៍ច្រើនបំផុង ពេលធ្វើដំណើរឆ្លងកាត់ពីអាហ្វ្រិកមកកាន់ប្រជុំកោះមួយនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ទូកល្បាត និងឧទ្ធម្ភាគចក្រ បានបន្តប្រតិបត្តិការរុករករបស់ពួកគេសម្រាប់ថ្ងៃទី ២ នៅជិតកោះអេស្ប៉ាញ El Hierro ក្រោយសេវាកម្មសង្រ្គោះបន្ទាន់ ទទួលបានការទូរស័ព្ទសុំជំនួយសង្រ្គោះពីទូកកាលពីព្រឹកថ្ងៃសៅរ៍ ។
ពួកគេនិយាយថា ខ្យល់បក់ខ្លាំង និងស្ថានភាពមើលពុំសូវឃើញច្បាស់ បានធ្វើឲ្យប្រតិបត្តិការជួយសង្រ្គោះ របស់ពួកគេជួបការលំបាកខ្លាំង ហើយទូកបានលិចអំឡុងពេលព្យាយាមជួយសង្រ្គោះ ។
ក្រុមជួយសង្រ្គោះ អាចជួយមនុស្ស ២៧នាក់ ក្នុងចំណោមជនអន្តោប្រវេសន៍ ៨៤នាក់ប៉ុណ្ណោះ ។
ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៩នាក់ បានស្លាប់ រួមទាំងក្មេងម្នាក់ផងដែរនៅក្នុងឧបទ្ទេវហេតុនេះ ខណៈដែលមនុស្សផ្សេងទៀត បានបាត់ខ្លួន ៕