ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) បាននិយាយថា អ៊ីស្រាអែលមិនគួរត្រូវបានអនុញ្ញាតឲ្យវាយប្រហារចូលបណ្ដាប្រទេស ជាមូលដ្ឋានរបស់ «ក្រុមតស៊ូស្នូល» ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ពីប្រទេសមួយទៅប្រទេសមួយបែបនេះឡើយ។
កាលពីថ្ងៃអាទិត្យនោះ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានទម្លាក់គ្រាប់បែកវាយប្រហារលើក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ខណៈការប្រឈមមុខដាក់គ្នាជាមួយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់ រីកកាន់តែធំឡើង បន្ទាប់ពីមេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដែលធ្វើឲ្យជម្លោះកាន់តែក្ដៅគគុកឡើង នៅក្នុងប្រទេសលីបង់។
ហើយនៅក្នុងការអត្ថាធិប្បាយដែលត្រូវផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Pezeshkian បានលើកឡើងថា ប្រទេសលីបង់គួរតែត្រូវបានគាំទ្រ។ លោកបាននិយាយថា៖ «យុទ្ធជនលីបង់មិនគួរត្រូវបានទុកចោលឲ្យនៅតែឯងក្នុងសមរភូមិនោះឡើយ ដើម្បីកុំឲ្យអ្នកគាំទ្រលិទ្ធិហ្សាអឺន (អ៊ីស្រាអែល) វាយប្រហារលើក្រុមអ្នកតស៊ូស្នូល»។
ជាមួយគ្នានេះ គួរបញ្ជាក់ថា មេបញ្ជាការរងនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Abbas Nilforoushan ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយប្រហារ ដែលបានបណ្ដាលឲ្យមេដឹកនាំក្រុមហេសបូឡាបាត់បង់ជីវិត ក្នុងទីក្រុងបេរូត ប្រទេសលីបង់នោះ។ លោក Pezeshkian បានបញ្ជាក់បន្ថែមថា៖ «យើងមិនអាចទទួលយកសកម្មភាពបែបនេះបានទេ ហើយពួកគេនឹងមិនត្រូវលះបង់ ដោយអ្នកត្រូវទទួលខុសត្រូវមិនមានទណ្ឌកម្មជាដាច់ខាត។ ប្រតិកម្មដាច់ខាត គឺរឿងចាំបាច់ខ្លាំងណាស់»៕