នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំង បានថ្កោលទោសការសម្លាប់មេដឹកនាំក្រុមហេសបូឡាលោក Sayyed Hassan Nasrallah នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន ។
ការវាយប្រហារតាមអាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងរបស់រដ្ឋធានី Beirut កាលពីថ្ងៃសុក្រ បានសម្លាប់លោក Nasrallah ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការស្លាប់របស់លោក Nasrallah នាំឲ្យមានអស្ថិរភាពនៅតាមតំបន់ព្រំដែន ។ លោកថា ការទម្លាក់គ្រាប់បែកលើតំបន់រស់នៅអ្នកស្រុកនៅលីបង់ បណ្តាលឲ្យមានគ្រោះថ្នាក់ទ្រង់ទ្រាយធំ ហើយនិងធ្វើគ្រោះថ្នាក់ដល់មនុស្សដូចនៅតំបន់ហ្កាហ្សា ។
ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង១០០ នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយោធារបស់អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តការទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហេសបូឡានៅទីនោះ ហើយបានវាយប្រហារប្រទេសយេម៉ែនផងដែរ ។ ពួកគេនិយាយថា មនុស្ស ១០៥នាក់ បានស្លាប់ និងមនុស្ស ៣៥៩ នាក់ផ្សេងទៀត របួស ។
ក្រុមហេសបូឡា និយាយថា ខ្លួនកំពុងធ្វើសកម្មភាពគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បង្កឲ្យមានសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីនសព្វថ្ងៃ ៕



