រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមកងកម្លាំង និងប្រជាការពារ ជិត១៥០០នាក់រួចជាស្រេច ដើម្បីចូលរួមការពារសុខសុវត្ថិភាព សណ្តាបធ្នាប់សាធារណៈជូនដល់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញមកក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ក្នុងកំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយកម្លាំងអាវុធហត្ថខេត្តមានចំនួន៧០នាក់ កម្លាំងនគរបាលខេត្ត និងក្រុងពោធិ៍សាត់មានចំនួន៦១០នាក់ និងប្រជាការពារមានចំនួន៨១៤នាក់។
នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំង និងប្រជាការពារ ដោយឯកឧត្តមមានប្រសាសន៍លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរខេត្តក្រុង ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងចរាចរណ៍ឱ្យបានល្អប្រសើរក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ហើយឯកឧត្តម អភិបាលខេត្តបានជំរុញ និងសូមឱ្យបងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ ត្រូវពង្រឹងការងារថែរក្សាការពារសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ព្រោះថាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ជាតួនាទីភារៈកិច្ចរបស់កងកម្លាំង និងប្រជាការពារ ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្តជូនប្រជាពលរដ្ឋនិងសង្គមជាតិយើង ដូចនេះវត្តមានរបស់កងកម្លាំង និងប្រជាការពារ ជាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា បានជូនថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ផងដែរ ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ







