លោកស្រី Marine Le Pen ដែលជាមេដឹកនាំដ៏យូរអង្វែងរបស់ក្រុមស្តាំនិយមជ្រុល គឺគណបក្សរួបរួមជាតិ (RN) របស់ប្រទេសបារាំង នឹងឡើងសវនាការ នៅឯតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស នៅថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) នេះ រួមជាមួយនឹងបុគ្គល ២៦នាក់ផ្សេងទៀត ជុំវិញការចោទប្រកាន់ថា បានក្លែងបន្លំថវិការបស់សហភាពអឺរ៉ុប (EU)។
ដោយមានរយៈជិត ១ទស្សវត្សរ៍ បន្ទាប់ពីការស៊ើបអង្កេតដំបូងបានចាប់ផ្តើម ការកាត់ក្តីនាំឲ្យលោកស្រី Le Pen មានឱកាស ក្នុងការធ្វើឲ្យជ្រះស្រឡះពីការចោទប្រកាន់ដែលលោកស្រីតែងតែបដិសេធ ខណៈដែលលោកស្រីបន្តប្រឹងប្រែងលើកកម្ពស់កិត្តិយសរបស់គណបក្ស ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងរដ្ឋាភិបាល។
តែទោះជាយ៉ាងណាក្ដី វាក៏មានហានិភ័យក្នុងការធ្វើឲ្យមានចំណាប់អាមរម្មណ៍ លើបញ្ហាកើតឡើងដដែលៗរបស់គណបក្ស RN ជាមួយនឹងច្បាប់នេះផងដែរ។ មន្ត្រីបក្ស និងនិយោជិត អតីតសមាជិកសភា ហើយនិងមន្ត្រីជំនួយការសភា ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថវិកាដែលបង្កើតឡើង សម្រាប់ការងារសភាសហភាពអឺរ៉ុប ដើម្បីផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិក ដែលកំពុងធ្វើការឲ្យគណបក្ស RN ដែលនៅពេលនោះត្រូវបានគេស្គាល់ថា គណបក្សរណសិរ្សជាតិ (NF)។
គួរបញ្ជាក់ថា សមាជិកសភាសហភាពអឺរ៉ុប ទទួលបានមូលនិធិ ដើម្បីជួយរ៉ាប់រងដល់ការចំណាយនានា ក្នុងនោះរួមទាំងការផ្ដល់ប្រាក់ខែដល់មន្ត្រីជំនួយការរបស់ពួកគេផងដែរ ប៉ុន្តែមិនមានបំណងឲ្យមានការប្រើប្រាស់មូលនិធិ សម្រាប់សកម្មភាពគណបក្សនោះទេ៕