នៅថ្ងៃចន្ទនេះ រថក្រោះយោធាអ៊ីស្រាអែល ត្រូវបានគេមើលឃើញប្រមូលផ្តុំគ្នានៅតំបន់ភាគខាងជើងជាប់ព្រំដែនជាមួយប្រទេសលីបង់ ។
ការប្រមូលផ្តុំនេះ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការសម្លាប់មេដឹកនាំក្រុមហេសបូឡាលោក Sayyed Hassan Nasrallah នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Beirut ។
មេដឹកនាំរងក្រុមហេសបូឡាលោក Naim Qassem និយាយនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការសម្លាប់លោក Nasrallah កាលពីសប្តាហ៍មុនថា ចលនារបស់លោកត្រៀមខ្លួនរួចរាល់រាល់ ក្នុងការទប់ទល់ការវាយប្រហារតាមជើងគោកណាមួយរបស់អ៊ីស្រាអែលនៅលីបង់ ។
កងកម្លាំងអ៊ីស្រាអែល បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាច្រើនដល់ក្រុមហេសបូឡា នៅក្នុងរលកនៃការវាយប្រហាររយៈពេល ២សប្តាហ៍ លើគោលដៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់មេបញ្ជាការជាច្រើននាក់របស់ពួកគេ ៕