ទូកក្ដោង៖ ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកដំបូងនៅខេត្តព្រះសីហនុ កំពុងឈានទៅរកការរៀបចំដោយរលូនក្រោយមានការគាំទ្រ និងទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ស្របពេលចំនួនកីឡាករចូលរួមមានការកើនឡើងគួរឲ្យកត់សម្គាល់ប្រមាណ ២០០នាក់មកពី ៧ប្រទេសក្នុងតំបន់អាស៊ាន។ ចំពោះការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា ដំបូងឡើយព្រឹត្តិការណ៍ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរីនេះ គ្រោងមានកីឡាករចូលរួមប្រមាណ ១៥០នាក់ប៉ុណ្ណោះ តែដោយដំណើរការរៀបចំល្អ និងមានការគាំទ្រពីរាជរដ្ឋាភិបាលផង បានធ្វើឲ្យកីឡាករក្នុងតំបន់មានភាពកក់ក្ដៅ និងចង់ចូលរួមកាន់តែច្រើន។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ព្រឹត្តិការណ៍ទទួលបានការគាំទ្រ និងជំរុញរៀបចំពីគណៈកម្មាធិការជាតិ CAMSOC នេះគឺជាការតេស្ដ Event ឬតេស្ដព្រឹត្តិការណ៍មួយដ៏សំខាន់ សម្រាប់ភេទកីឡាទូកក្ដោងក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ដូច្នេះការរៀបចំនឹងត្រូវធ្វើឡើងយ៉ាងម៉ត់ចត់បំផុត ទាំងវិធានការបង្ការជំងឺកូវីដ និងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាទូកក្ដោងផង និងជាការបើកផ្លូវទេសចរណ៍ សម្រាប់ខេត្តព្រះសីហនុផង។
សូមបញ្ជាក់ថា កាលពីថ្មីៗគណៈកម្មាធិការជាតិ CAMSOC បានស្នើសុំរាជរដ្ឋាភិបាល អំពីការសហការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍រួមគ្នារវាងកម្ពុជា និងសិង្ហបុរី បន្ទាប់ពីការប្រកួតស៊ីហ្គេមឆ្នាំ២០២១ ដែលត្រូវពន្យារពេលទៅឆ្នាំ២០២២ នៅវៀតណាមមិនត្រូវបានដាក់បញ្ចូលប្រភេទកីឡាអូឡាំពិកនេះក្នុងកម្មវិធីប្រកួត។ តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងរៀបចំការប្រកួតចំនួន ១២វិញ្ញាសា ដោយកម្ពុជា និងសិង្ហបុរីនឹងចែកគ្នារៀបចំការប្រកួត ៦វិញ្ញាសាម្នាក់។ ជាមួយការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាទូកក្ដោងលក្ខណៈអន្ដរជាតិលើកដំបូងនេះ កម្ពុជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់គុណផល និងបច្ចេកទេសកីឡា ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង និងអត្ថប្រយោជន៍ជាកិត្តិយស កិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះផង។ ពិសេសក៏បង្ហាញពីការចាប់ផ្ដើមស្ដារសេដ្ឋកិច្ចសង្គម និងទេសចរណ៍ក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា