អគ្គលេខាធិការរងក្រុមហេសបូឡាលោក Sheikh Naim Qassem និយាយនៅថ្ងៃចន្ទនេះថា ក្រុមរបស់លោកនឹងតែងតាំងមេដឹកនាំថ្មី ក្នុងពេលដ៏ខ្លីបំផុតខាងមុខនេះ ដើម្បីបន្តវេនពីលោក Sayyed Hassan Nasrallah ហើយលោកសន្យាថា ចលនាគាំទ្រដោយអ៊ីរ៉ង់របស់លោកនឹងបន្តប្រយុទ្ធជាមួយអ៊ីស្រាអែល ។
លោក Qassem និយាយថា ការតស៊ូរបស់អ៊ីស្លាម នឹងបន្តប្រឈមមុខជាមួយសត្រូវអ៊ីស្រាអែល ដើម្បគាំទ្រតំបន់ហ្កាហ្សា និងជនប៉ាឡេស្ទីន ដើម្បីការពារលីបង់ និងប្រជាពលរដ្ឋរបស់ពួកគេ ហើយឆ្លើយតបចំពោះការធ្វើឃាត និងការសម្លាប់ជនស៊ីវិល ។
សុន្ទរកថាលើកញ្ចក់ទូរទស្សន៍រយៈពេល ១៩នាទីរបស់លោក Qassem គឺជាការថ្លែងលើកដំបូងដោយមេដឹកនាំជាន់ខ្ពស់ក្រុមហេសបូឡា ចាប់តាំងពីលោក Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ដែលជាដំណើរប៉ះទង្គិចដ៏ធំមួយចំពោះក្រុមមួយនេះ ស្របពេលដែលពួកគេព្យាយាមទប់ទល់នឹងការវាយប្រហាររបស់អ៊ីស្រាអែល ។
លោក Qassem និយាយថា ក្រុមសកម្មប្រយុទ្ធហេសបូឡា បានបន្តវាយប្រហារគ្រាប់រ៉ុក្កែតចូលទៅជ្រៅចម្ងាយ ១៥០គ.មក្នុងទឹកដីអ៊ីស្រាអែល ហើយពួកគេបានត្រៀមខ្លួនរួចរាល់ចំពោះរាល់លទ្ធភាពនៃការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែល ។
លោក Qassem បន្តថា បើសិនជាអ៊ីស្រាអែលសម្រេចចិត្តចូលតាមជើងគោក កងកម្លាំងតស៊ូ ត្រៀមខ្លួនសម្រាប់ការចូលរួមប្រយុទ្ធតាមជើងគោក ។ ពួកគយើងមានការជឿជាក់ខ្លាំងណាស់ថា សត្រូវអ៊ីស្រាអែល នឹងមិនសម្រេចគោលដៅរបស់ពួកគេឡើយ ហើយពួកយើងនឹងសម្រេចជ័យជំនះឲ្យបានពីសង្រ្គាមមួយនេះ ៕