ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមស្រុកជាច្រើននៅរដ្ឋភាគខាងកើត Bihar ប្រទេសឥណ្ឌា ។
ប្រជាពលរដ្ឋនាំគ្នាដើរលុកទឹកត្រឹមចង្កេះដែលបានលិចរថយន្ត និងផ្លូវថ្នល់នៅតាមតំបន់រងគ្រោះ ។ អ្នកភូមិរស់នៅតាមតំបន់ជនបទ និយាយថា ពួកគេពិបាកស្វែងរកទីកន្លែងសម្រាប់គោក្របីរបស់ពួកគេ ។
ការិយាល័យឧតុនិយមរដ្ឋ Bihar បានព្យាករណ៍ថា ភ្លៀងលាយផ្គរន្ទះ ទំនងជាកើតឡើងរយៈពេលជាច្រើនថ្ងៃទៀត ។
ក្រុមមន្រ្តីនៅប្រទេសជិតខាងនេប៉ាល់ដែលរងគ្រោះដោយសារទឹកជំនន់ស្លាប់មនុស្សដែរនោះ បានដាក់ការស្តីបន្ទោសព្យុះភ្លៀងនេះ លើប្រព័ន្ធសំពាធទាបនៅឆកសមុទ្របឹងហ្គាល់ បន្តរហូតដល់តំបន់មួយចំនួនរបស់ប្រទេសឥណ្ឌា ។
ចំនួនអ្នកស្លាប់បានកើនឡើងដល់១៩៣នាក់ និងរាប់សិបនាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីដែលបានបង្កការបំផ្លិចបំផ្លាញនៅប្រទេសនេប៉ាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
នគរបាលនេប៉ាល់បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅទូទាំងប្រទេស និងបាននិយាយថាចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត ខណៈមានរបាយការណ៍ពីភូមិនានាទូទាំងប្រទេស ៕