បាល់ទាត់៖ អ្នកចាត់ការក្រុម Barcelona លោក Ronald Koeman បាននិយាយថា គ្មានសូម្បីមួយភាគក្នុងការប្រៀបធៀបក្រុមទៅនឹង Barcelona ពីមុនក្រោយរងបរាជ័យធ្ងន់ករនៅទឹកដី Benfica ៣-០ ប្រកួតទី២ ក្របខណ្ឌ UEFA Champions League ពូល E។

បន្ទាប់ពីចាញ់ Bayern Munich ៣-០ ប្រកួតទី១ ក្នុងទឹកដីខ្លួនឯង ប្រកួតទីពីរនៅទឹកដីព័រទុយហ្កាល់ Benifca រកបានគ្រាប់នាំមុខនៅនាទីទី៣ ដោយខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Darwin Nunez។ ឈានចូលវគ្គទី២ Rafael Silva បន្ថែមគ្រាប់នាំមុខ ២-០ ឱ្យ Benfica មុនពេលដែល Darwin Nunez ដដែលរកបានគ្រាប់ទីពីររបស់ខ្លួនដោយបាល់ ១១ម៉ែត្រនៅនាទីទី៧៩។ Barcelona ដែលធ្លាប់មានឈ្មោះអុកឡុកការប្រកួតក្នុងតំបន់អឺរ៉ុបនោះ តែនៅពេលនេះកំពុងឈរបាតតារាងនៃពូល E នេះគ្មានពិន្ទុរាប់ប្រឈមនឹងធ្លាក់ត្រឹមវគ្គវិលជុំក្នុងពូល។ ចុងក្រោយបំផុតដែល Barcelona ឡើងមិនផុតវគ្គវិលជុំក្នុងពូលគឺតាំងពីរដូវកាល ២០០០-២០០១ នៅពេលពួកគេចាញ់ Besiktas និង AC Milan នៅក្នុងពូល។

ងាកមកក្រុមជើងឯកឆ្នាំ២០២០ Bayern Munich បានបន្តពីរប្រកួតឥតខ្ចោះរបស់ខ្លួនក្រោយបំបាក់ Dynamo Kyiv ៥-០។ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowki រកបានពីរគ្រាប់ម្នាក់ឯងក្នុងជ័យជំនះនេះដែលជាការស៊ុតបញ្ចូលទី ៦ប្រកួតជាប់គ្នានៅ UCL នេះ។ បីគ្រាប់ទៀតរបស់ Bayern Munich ធ្វើបានដោយ Serge Gnabry, Leroy Sane និង Choupo-Moting។ បីពិន្ទុនេះធ្វើឱ្យ Bayern Munich បន្តឈរលើគេក្នុងពូលមាន ៦ពិន្ទុពេញ ខណៈ Benfica លេខ២ មាន ៤ពិន្ទុ Dynamo Kyiv លេខ៣ មាន ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ