ទាហានលីបង់ បានដកថយចេញពីព្រំដែនជាមួយអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ខណៈការវាយលុកជើងគោករបស់អ៊ីស្រាអែល មើលទៅជិតមកដល់ ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធនៅលីបង់។

ប្រភពព័ត៌មានសន្តិសុខ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានធ្លាក់លើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដោយអ្នកសារព័ត៌មាន Reuters បានឃើញពន្លឺអគ្គិភ័យ និងការផ្ទុះជាបន្តបន្ទាប់រយៈពេលប្រហែលមួយម៉ោង បន្ទាប់ពីយោធាអ៊ីស្រាអែល បានព្រមានអ្នកស្រុកឱ្យជម្លៀសខ្លួនចេញពីតំបន់ក្បែរអគារដែលអ៊ីស្រាអែល និយាយថាមានហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅភាគខាងត្បូងរដ្ឋធានីប្រទេសលីបង់។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា ការដាក់ទីតាំងរបស់ទាហានអ៊ីស្រាអែល ត្រូវបានគេនិយាយថា ការវាយលុកជើងគោកអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់ប្រធានក្រុមប្រឹក្សាតំបន់នៅភាគខាងជើងអ៊ីស្រាអែលថា ដំណាក់កាលបន្ទាប់នៃសង្រ្គាមនៅតាមបណ្តោយព្រំដែនភាគខាងត្បូងប្រទេសលីបង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយនឹងគាំទ្រដល់ការនាំយកមកវិញពលរដ្ឋអ៊ីស្រាអែល ដែលបានរត់ភៀសខ្លួនចេញពីគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា ក្នុងអំឡុងពេលជិតមួយឆ្នាំនៃសង្រ្គាមនៅព្រំដែន៕
