ភ្នំពេញ៖ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយេ បានចូលរួមពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi នៅទីតាំងឧទ្យាន Atatürk ក្រុងអង់ការ៉ា ប្រទេសតួកគីយេ។
ក្នុងឱកាសនោះ ស្ថានទូតកម្ពុជាបានរៀបចំស្តង់ដាក់តាំងបង្ហាញនូវផលិតផលដែលមានសក្តានុពលមួយចំនួនដូចជា៖ ម្រេច អង្ករ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយក្រៀម តែ កៅស៊ូ ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី សៀវភៅមុខម្ហូប "The Taste of Angkor" សៀវភៅទេសចរណ៍ លិខិតប័ណ្ណផ្សេងៗ និងក្រមាខែ្មរ ដើម្បីផ្សព្វផ្សាយផលិតផលខែ្មរនៅក្នុងទីផ្សារតួកគីយ៉េ ផ្លាស់ប្តូរស្នាដៃសិប្បកម្មប្រពៃណី និងវប្បធម៌ខ្មែរ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគទុន និងអ្នកទេសចរតួកគីយេនិងបរទេសមកកាន់ប្រទេសកម្ពុជា។
សូមជម្រាបជូនថា ពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi បានប្រព្រឹត្តទៅ ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។







