ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះ ក្នុងរដ្ឋធានីរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) បានដើររុករកតាមផ្ទះសម្បែងដែលរងការខូចខាត បន្ទាប់ពីទឹកបានស្រកពីទឹកជំនន់ខ្យល់មូសុង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០៩នាក់ នៅជុំវិញសាធារណរដ្ឋហិមាល័យ។

គួរបញ្ជាក់ថា ទឹកជំនន់ និងបំណាក់ដីដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត គឺជារឿងតែងកើតមានធម្មតា នៅទូទាំងអាស៊ីខាងត្បូង ក្នុងរដូវខ្យល់មូសុង ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញ លើកឡើងថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យគ្រោះធម្មជាតិនេះមានសភាពកាន់តែអាក្រក់ទៅៗ។
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២ទសវត្សរ៍ សង្កាត់ទាំងមូល ក្នុងទីក្រុង Kathmandu ត្រូវបានជន់លិច ដោយរដ្ឋធានីមួយនេះត្រូវបានកាត់ផ្តាច់ចេញពីតំបន់ផ្សេងទៀតរបស់ប្រទេសនេប៉ាល់ជាបណ្តោះអាសន្ន បន្ទាប់ពីបំណាក់ដី បានបិទផ្លូវហាយវេមិនឲ្យធ្វើចរាចរណ៍បាន។

ក្រសួងមហាផ្ទៃនេប៉ាល់ បានឲ្យដឹងថា មានមនុស្សយ៉ាងតិច ២០៩នាក់ ស្លាប់ នៅទូទាំងប្រទេស និង២៩នាក់ទៀត បាត់ខ្លួន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Rishi Ram Tiwari បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងបានបង្កើនការជួយសង្គ្រោះ តាមអាកាស សម្រាប់អ្នកមានជំងឺ ឬនៅតែត្រូវការនាំយកអ្នកទាំងនោះទៅកាន់ទីសុវត្ថិភាព»។
ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួនកំពុងធ្វើការ ដើម្បីជួយសង្គ្រោះមនុស្សជាច្រើន ដែលបានជាប់ នៅលើផ្លូវហាយវ៉េ ហើយប្រាប់ទៀតថា មនុស្សជាង ៤០០នា ក់ត្រូវបានជួយសង្គ្រោះពីស្រុកផ្សេងៗ កាលពីថ្ងៃចន្ទ។
ក្រុមអ្នកជួយសង្គ្រោះផ្សេងទៀត កំពុងប្រើប៉ែល ដើម្បីកាយភក់ចេញពីសង្កាត់មាត់ទន្លេដែលរងគ្រោះខ្លាំងជាងគេ នៅជុំវិញក្រុង Kathmandu ដែលភាគច្រើនជាតំបន់សំណង់មិនរៀបរយគ្មានការអនុញ្ញាត៕
