អតីតនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ត្រូវចូលកាន់តំណែងជាប្រមុខរបស់អង្គការណាតូ (NATO) នៅថ្ងៃអង្គារ (ទី១ ខែតុលា) នេះ ដោយត្រូវមានភារកិច្ចធ្វើឲ្យសម្ព័ន្ធមិត្តយោធាលោកខាងលិចមួយនេះរួបរួមគ្នា ខណៈសង្គ្រាម នៅប្រទេសអ៊ុយក្រែន ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយការបោះឆ្នោតប្រធានាធិបតីអាមេរិកខិតជិតមកដល់។

នៅឯពិធី ក្នុងទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Rutte នឹងចូលកាន់តួនាទីជាអគ្គលេខាធិការ ដោយស្នងតំណែងរបស់លោក Jens Stoltenberg នៃប្រទេសន័រវ៉ែស ដែលបានមើលការខុសត្រូវអង្គការមួយ អំឡុងរយៈពេលដ៏ច្របូកច្របល់ ១ទសវត្សរ៍ ដែលត្រូវបានកត់សម្គាល់ដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅឆ្នាំ២០២២។
មន្ត្រីរបស់អង្គការណាតូ និងអ្នកការទូតនានា រំពឹងថា លោក Rutte នឹងបន្តរក្សាគោលនយោបាយអាទិភាពរបស់លោក Stoltenberg នៅក្នុងសម្ព័ន្ធមិត្តមានសមាជិកចំនួន ៣២ប្រទេសនេះ ដោយគោលនយោបាយនោះ មានដូចជាការប្រមូលផ្តុំការគាំទ្រ សម្រាប់អ៊ុយក្រែន ជំរុញឲ្យប្រទេសណាតូចំណាយបន្ថែមទៀតលើវិស័យការពារជាតិ និងបន្តធ្វើឲ្យសហរដ្ឋអាមេរិកមានចំណែកក្នុងសន្តិសុខអឺរ៉ុប។
តែយ៉ាងណាក្ដី ភាពមិនប្រាកដប្រជា កំពុងកើតមាន ទាំងជម្លោះនៅអ៊ុយក្រែន ដែលបានប្រែក្លាយទៅជាសង្រ្គាមបំផ្លាញគ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ ហើយនិងការគាំទ្រនាពេលអនាគតរបស់សហរដ្ឋអាមេរិក ចំពោះអង្គការណាតូ និងទីក្រុងគីវ ដោយលោក Donald Trump ដែលមិនគាំទ្រសម្ព័ន្ធភាពណាតូ កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការបោះឆ្នោត ជាមួយអនុប្រធានាធិបតី លោកស្រី Kamala Harris៕
