ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា ថា មហាសន្និបាតអង្គការសហប្រជាជាតិ គួរតែណែនាំឱ្យប្រើប្រាស់កម្លាំង ស្របតាមសេចក្តីសម្រេចដែលបានអនុម័តកាលពីឆ្នាំ១៩៥០ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បរាជ័យក្នុងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងនៅប្រទេសលីបង់។

ប្រទេសទួរគីដែលជាសមាជិកសម្ព័ន្ធយោធាណាតូ បានថ្កោលទោសការវាយប្រហារដ៏បំផ្លាញរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងបានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសលីបង់ ដែលផ្តោតលើក្រុមសកម្មប្រយុទ្ធហេសបូឡា។ ប្រទេសនេះ បានបញ្ឈប់រាល់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល និងបានដាក់ពាក្យចូលរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងអ៊ីស្រាអែលនៅតុលាការពិភពលោក ដែលអ៊ីស្រាអែល បានច្រានចោល។

លោក Erdogan បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា ថា មហាសន្និបាតអង្គការសហប្រជាជាតិ គួរតែអនុវត្តឲ្យបានឆាប់រហ័សនូវសិទ្ធិអំណាចក្នុងការណែនាំអំពីការប្រើប្រាស់កម្លាំង ដូចដែលខ្លួនបានធ្វើជាមួយនឹងសេចក្តីសម្រេចនៃការរួបរួមដើម្បីសន្តិភាពឆ្នាំ១៩៥០ ។
ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលជាធម្មតាអាចធ្វើសេចក្តីសម្រេចដែលមានកាតព្វកិច្ចស្របច្បាប់ ដូចជាការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំង និងការដាក់ទណ្ឌកម្មជាដើម។
លោក Erdogan បាននិយាយថា លោកមានការសោកស្ដាយដែលឃើញបណ្តាប្រទេសមូស្លីមបរាជ័យក្នុងការប្រកាន់ជំហរសកម្មបន្ថែមទទៀតប្រឆាំងអ៊ីស្រាអែល ដោយជំរុញឱ្យពួកគេមានចំណាត់ការសេដ្ឋកិច្ច ការទូត និងនយោបាយ ប្រឆាំងអ៊ីស្រាអែល ដើម្បីដាក់សម្ពាធឱ្យប្រទេសនេះ ទទួលយកបទឈប់បាញ់។
