ប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាស(Luis Arce) បានប្រកាសជាផ្លូវការនូវគ្រោះមហន្តរាយជាតិ កាលពីថ្ងៃចន្ទ ដោយសារចំហេះព្រៃដ៏ខ្លាំងធ្វើឲ្យប៉ះពាល់ដល់ភាគខាងកើតប្រទេសបូលីវី។
វិធានការនេះ កើតឡើងបន្ទាប់ពីមានការស្នើសុំជាច្រើនសប្តាហ៍ពីអាជ្ញាធរតំបន់ អង្គការ និងប្រជាជន ដែលទាមទារឱ្យមានការអន្តរាគមន៍ទាំងបង្ខំបន្ថែមទៀត ដើម្បីប្រឈមនឹងវិបត្តិបរិស្ថាន ដែលបាន បំផ្លាញព្រៃឈើជាង៧លានហិកតារួចហើយ នៅក្នុងតំបន់ Santa Cruz តែមួយ។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអភិបាលបណ្ដោះអាសន្ន តំបន់ Santa Cruz លោក Mario Aguilera និងមន្ត្រីតំបន់ និងក្រុងផ្សេងទៀត លោកArce បានចុះហត្ថលេខាលើក្រឹត្យមួយ ជាការប្រកាសផ្លូវការនូវគ្រោះមហន្តរាយ។
អ្នកសម្របសម្រួលនៃគណៈកម្មាធិការប្រតិបត្តិការសង្គ្រោះបន្ទាន់ បានរាយការណ៍ថា ចំហេះព្រៃបានឆេះបំផ្លាញនៅក្នុងប្រទេសបូលីវី ចាប់តាំងពីខែមិថុនា ជាការបំផ្លាញមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ Santa Cruz ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសបូលីវី។
អាជ្ញាធរ បានបញ្ជាក់ថា ផ្ទៃដីសរុបបច្ចុប្បន្នជាង៧លានហិកតា ត្រូវបានឆេះបំផ្លាញលើសពីការខូចខាតដែលបង្កឡើងដោយចំហេះព្រៃឆ្នាំ២០១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដី៥,៣ លានហិកតា នៅទូទាំងប្រទេស៕


