កោះតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី១ ខែតុលា) នេះ បានប្រមូលផ្ដុំកងទ័ពជិត ៤០.០០០នាក់ ដើម្បីជំរុញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលព្យុះទីហ្វុងដ៏មានឥទ្ធិពល Krathon បក់បោកកាន់តែជិតដល់ឆ្នេរភាគនិរតីដែលមានប្រជាជនរស់នៅច្រើន ត្រូវបានគេរំពឹងថា នឹងនាំមកនូវព្យុះសង្ឃរា ហើយឆ្មាំល្បាតឆ្នេរ បានធ្វើការឥតសម្រាក ដើម្បីស្វែងរកនាវិក ១៩នាក់ដែលបានបោះបង់ចោលនាវា ១គ្រឿង។

កោះតៃវ៉ាន់តែងតែរងគ្រោះដោយព្យុះទីហ្វុង ហើយជាទូទៅ ព្យុះទាំងនោះបានបក់បោកនៅតាមតំបន់ភ្នំ និងតំបន់មានប្រជាជនតិចៗ នៅឆ្នេរភាគខាងកើតដែលឈមមុខឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែព្យុះលើកនេះនឹងបក់បោកដល់ដីគោក នៅតំបន់ទំនាបភាគខាងលិចរបស់កោះនេះ។
រដ្ឋបាលអាកាសធាតុកណ្តាល (CWA) បានឲ្យដឹងថា ព្យុះ Krathon នេះ ត្រូវបានព្យាកថា នឹងបក់បោកលើទីក្រុងកំពង់ផែដ៏សំខាន់ Kaohsiung (កៅសុង) នៅព្រឹកថ្ងៃទី២ ខែតុលា បន្ទាប់មកធ្វើដំណើរឆ្លងកាត់ភាគកណ្តាលនៃកោះតៃវ៉ាន់ឆ្ពោះទៅទិសឦសាន ហើយចូលទៅក្នុងសមុទ្រចិនខាងកើត។
ទីក្រុង Kaohsiung ដែលជាកន្លែងរស់នៅរបស់ប្រជាជនប្រមាណ ២,៧លាននាក់ បានប្រកាសថ្ងៃឈប់សម្រាក និងប្រាប់ប្រជាជនស្នាក់នៅផ្ទះ នៅពេលដែលព្យុះ Krathon នេះ កាន់តែជិតទៅដល់។ យោងតាមស្ថាប័នតាមដានហានិភ័យនៃព្យុះត្រូពិច បានឲ្យដឹងថា ព្យុះនេះត្រូវបានគេរំពឹងថា នឹងបក់បោកក្នុងនាមជាព្យុះប្រភេទទី៤៕
