ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា យោធាចិនបានធ្វើការល្បាតត្រៀមប្រយុទ្ធ នៅតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង ពីថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) ដល់ថ្ងៃអង្គារ (ទី១ ខែតុលា) ដែលជាការបន្តនូវសមយុទ្ធយោធា និងការហ្វឹកសមដ៏កម្រ នៅក្នុងតំបន់ កាលពីចុងសប្តាហ៍។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ទីបញ្ជាភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើការល្បាតត្រៀមប្រយុទ្ធ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ ហើយនិងរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ នៃសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវតំបន់ ក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមានការទាមទារត្រួតគ្នា នៅក្នុងផ្លូវទឹកដ៏មមាញឹកនេះ ពីប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមក៏ដោយ។
នៅឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចថា ការទាមទាររបស់ប្រទេសចិនមិនត្រូវបានគាំទ្រដោយច្បាប់អន្តរជាតិនោះឡើយ ជាការសម្រេចដែលទីក្រុងប៉េកាំងបដិសេធ៕


