ភ្នំពេញ ៖ លោក ជូទិ ក្រៃរឹក (Juti Krairerk) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃ បានថ្លែងកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានវិធានការត្រឹមត្រូវច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសាបានខិតខំស្វះស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន បានរហូតដល់ជាង៨០ភាគរយ ក្នុងចំណោមប្រជាជនជាង១៦លាននាក់។
នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ នៅប្រទេសថៃ លោក ជូទិ ក្រៃរឹក បានលើកឡើងថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានវិធានការច្បាស់លាស់ ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ នៅកម្ពុជា»។
ជាមួយគ្នានោះដែរ លោក ក្រៃរឹក ក៏បានលើកឡើងអំពីសក្តានុពលទេសចរណ៍វប្បធម៌បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងអេកូទេសចរណ៍របស់កម្ពុជា នៅមិនទាន់ទាញយកមកប្រើប្រាស់ជាប្រយោជន៍ឲ្យអស់លទ្ធភាពនៅឡើយ ដែលត្រូវបន្តឈានឆ្ពោះទៅចាប់យកឱកាសនៃការអភិវឌ្ឍឲ្យបានស៊ីជម្រៅបន្ថែមទៀត ស្របតាមនិន្នាការទេសចរណ៍នៃប្រក្រតីភាពតាមគន្លងថ្មី។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម សុខ សុក្រឹត្យា បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេស ការកសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាបាន ចង់គ្រប់ប្រជាជនហើយនោះ។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានលើកពីបំណង ក្នុងការបន្តរក្សាទំនាក់ទំនងល្អនេះ សម្រាប់យុវជនដែលជាអ្នកនយោបាយវ័យក្មេងជំនាន់ថ្មីផងដែរ។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានបញ្ជាក់បន្ថែមអំពីគម្រោងបើកទទួលស្វាគមន៍ទេសចរណ៍សុវត្ថិភាពនៅត្រីមាសទី៤ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុផងដែរ៕


