ក្រុមនគរបាលអះអាងថា មនុស្សយ៉ាងហោច ២៣នាក់ បានស្លាប់ ពេលដែលរថយន្តក្រុងដឹកសិស្សសាលាឆាបឆេះជាអគ្គិភ័យនៅតំបន់ជាយក្រុងនៃរាជធានីបាងកក ប្រទេសថៃ ។

រូបភាពវីដេអូឃ្លីបដែលបានចែករំលែកដោយក្រុមជួយសង្រ្គោះ ឃើញអណ្តាតភ្លើងឆាបឆេះរថយន្តក្រុងដឹកសាលាបឋមសិក្សា និងគ្រូបង្រៀន ជាង៤០នាក់ ដែលធ្វើដំណើរកម្សាន្ត ។

នគរបាលកោសល្យវិច្ច័យ និយាយថា នៅក្នុងចំណោមសាកសពដែលបានរកឃើញ រួមមានសិស្សប្រុសចំនួន ១១នាក់ និងសិស្សស្រីចំនួន ៧នាក់ ក្នុងនោះភេទរបស់សាកសពមនុស្ស ៥នាក់ផ្សេងទៀត ពុំទានអាចកំណត់បានភ្លាមៗនោះទេ ។

ក្រុមសាក្សី និយាយថា រថយន្តក្រុង បានបើកបុករបាំងបេតុងចែកទ្រូងផ្លូវហាយវ៉េ ស្ថិតនៅភាគខាងជើងទីក្រុងបាងកក ក្រោយពេលផ្ទុះកង់មុខ ។
ភ្លាមៗនោះ រថយន្តក្រុងរងការឆាបឆេះយ៉ាងខ្លាំង និងមនុស្សជាច្រើននៅលើរថយន្តក្រុងពុំអាចចេញរួចនោះទេ ។ ចំណែកឯមូលហេតុនៃអគ្គិភ័យឆាបឆេះរថយន្តក្រុង ពុំត្រូវបានដឹងច្បាស់នៅឡើយនោះទេ ។
ដោយឡែក សិស្សសាលា ១៩នាក់ និងគ្រូបង្រៀន ៣នាក់ ត្រូវបានគេរាយការណ៍ថា នៅរស់រាន ក្នុងនោះមនុស្ស ១៦នាក់ ក្នុងចំណោមពួកគេ ទទួលការព្យាបាលរបួសរបស់ពួកគេនៅក្នុងមន្ទីរពេទ្យ ៕