បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United ស្ទើតែបាត់បង់ ៣ពិន្ទុទៅហើយក្នុងជំនួបសងសឹកទល់នឹង Villarreal យប់មិញតែ Cristiano Ronaldo ជាថ្មីម្តងទៀតស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមបង្គ្រប់វាយបកយកឈ្នះ ២-១។

Villarreal ដែលយកឈ្នះ Manchester United នៅវគ្គផ្តាច់ព្រ័ត្រលើកពាន Europa League រដូវកាលមុននោះរកបានគ្រាប់នាំមុខមុននៅវគ្គទី២ នាទីទី៥៣ ដោយ Paco Alcacer។ តែបានតែ ៧នាទីទេក្រុមម្ចាស់ផ្ទះក៏តាមស្មើវិញ ដោយគ្រាប់បាល់វ៉ូឡេដ៏អស្ចារ្យរបស់ខ្សែការពារស្លាបឆ្វេង Alex Telles នៅនាទីទី៦០ តាមស្មើបានសំរេច។ ការប្រកួតអូសបន្លាយស្ទើតែចប់ការប្រកួតទៅហើយនៅម៉ោងបន្ថែមបង្គ្រប់នាទីទី៩០+៥ ទៅហើយនោះ Cristiano Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅពេលទទួលពី Jesse Lingard។ តាំងពីមកដល់ពី Juventus កាលពីខែសីហា Cristiano Ronaldo ស៊ុតបញ្ចូលទីបាន ៥គ្រាប់ហើយគ្រប់ក្របខណ្ឌ ខណៈយប់មិញជាការបង្ហាញខ្លួននៅក្របខណ្ឌ UEFA Champions League ប្រកួតទី១៧៨។

ជ័យជំនះនេះធ្វើឱ្យ Manchester United ទទួលបាន ៣ពិន្ទុលើកដំបូងមាន ៣ពិន្ទុក្នុងពូល F នេះឈរលេខ៣ ពីលើ Villarreal ដែលមាន ១ពិន្ទុ។ ងាកមកមួយប្រកួតទៀតក្នុងពូល F នេះ Atalanta បានយកឈ្នះ Young Boys ១-០ ដោយគ្រាប់បាល់របស់ Pessina។ បីពិន្ទុនេះធ្វើឱ្យ Atalanta ឈរលេខ១ ក្នុងពូល F មាន ៤ពិន្ទុ ខណៈ Young Boys លេខ២ មាន ៣ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ