ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់រដ្ឋរងផលប៉ះពាល់ North Carolina ដើម្បីពិនិត្យមើលទំហំនៃការខូចខាតដោយសារព្យុះ Helene ហើយលោកនិយាយថា ដំណើរការកសាង និងការស្តាឡើងវិញ នឹងត្រូវការចំណាយប្រាក់រាប់ពាន់លានដុល្លារ ។

ព្យុះ Helene បានសម្លាប់មនុស្សជាង ១០០នាក់នៅទូទាំងរដ្ឋ North Carolina, South Carolina, Georgia, Florida, Tennessee និង Virginia ហើយចំនួនមនុស្សស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើង នៅពេលដែលក្រុមជួយសង្រ្គោះ ទៅដល់ទីក្រុងដាច់ស្រយាល ហើយនៅពេលដែលប្រព័ន្ធទូរគមនាគមន៍ ត្រូវបានស្តារឡើងវិញ ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា នៅរដ្ឋ North Carolina ផ្លូវចំនួន ៣០០ខ្សែ បានបិទ ហើយមនុស្សជាង ៧ពាន់នាក់ ត្រូវការជំនួយពីទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធសហរដ្ឋអាមេរិក ។

ព្យុះ Helene បានក្លាយជាព្យុះសង្ឃរា ពេលដែលវាយប្រហារតំបន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida កាលពីសប្តាហ៍មុន បង្កការខូចខាតទ្រង់ទ្រាយធំនៅតាមបណ្តារដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក ៕