ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីងតោន នឹងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ ជាការផ្តល់ជើងហោះហើរបន្ថែមទៀតចេញពីប្រទេសលីបង់ ដើម្បីដឹកពលរដ្ឋអាមេរិក ក្រោយពីអ៊ីស្រាអែល និយាយកាលពីយប់កន្លងទៅថា ទាហានរបស់ខ្លួន បានវាយប្រហារតាមជើងគោកចូលក្នុងប្រទេសលីបង់ ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលរដ្ឋអាមេរិកប្រហែល ៦ពាន់នាក់ នៅក្នុងប្រទេសលីបង់ បានចុះបញ្ជីជាមួយសហរដ្ឋអាមេរិកសម្រាប់ព័ត៌មានរកវិធីចាកចេញពីប្រទេសមួយនេះ ។

លោក Miller និយាយថា ពួកយើងកំពុងធ្វើការ បើទោះបីជាលោកពុំអាចផ្តល់សេចក្តីលម្អិតក៏ដោយ ប៉ុន្តែពួកយើងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្ម ដើម្បីធានាបានសមត្ថភាពដឹកជញ្ជូនពលរដ្ឋអាមេរិក ។
លោកបន្តថា ពេលដែលពួកយើងមានព័ត៌មានបន្ថែមទៀត ពួកយើងនឹងទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋអាមេរិក ដែលស្នើសុំព័ត៌មានសម្រាប់ការចាកចេញរបស់ពួកគេពីប្រទេសលីបង់ ។

គួរឲ្យដឹងថា កាលពីយប់ថ្ងៃចន្ទ ទាហានលីបង់ បានដកថយចេញពីព្រំដែនជាមួយអ៊ីស្រាអែល ខណៈការវាយលុកជើងគោករបស់អ៊ីស្រាអែល ជិតដល់ ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធនៅលីបង់ ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់ប្រធានក្រុមប្រឹក្សាតំបន់នៅភាគខាងជើងអ៊ីស្រាអែលថា ដំណាក់កាលបន្ទាប់នៃសង្រ្គាមនៅតាមបណ្តោយព្រំដែនភាគខាងត្បូងប្រទេសលីបង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយនឹងគាំទ្រដល់ការនាំយកមកវិញពលរដ្ឋអ៊ីស្រាអែល ដែលបានរត់ភៀសខ្លួនចេញពីគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា ក្នុងអំឡុងពេលជិតមួយឆ្នាំនៃសង្រ្គាមនៅព្រំដែន ៕