អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានធ្វើការអំពាវនាវកាលពីថ្ងៃអង្គារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅប្រទេសលីបង់ ហើយនិងអំពាវនាវឲ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសមួយនេះ ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យ UNលោក Stephane Dujarric ។

លោក Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្រ្គាមពេញបន្ទុក ត្រូវតែចៀសវាងនៅលីបង់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោកថា លោក Guterres បាននិយាយជាមួយនាយករដ្ឋមន្រ្តីស្តីទីលីបង់លោក Najib Mikati កាលពីព្រឹកថ្ងៃអង្គារ ដោយលោកនិយាយប្រាប់គាត់ថា UN បានត្រៀមខ្លួនរួចរាល់ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ ។

លោក Dujarric បន្តថា ក្រុមអ្នកតំណាងអគ្គលេខាធិការតាមមូលដ្ឋាន នឹងបន្តកិច្ចខិតខំរបស់ពួកគេ ធ្វើអ្វីៗគ្រប់បែបយ៉ាងទាំង ដើម្បីបន្ធូរបន្ថយស្ថានភាពកុំឲ្យកើនឡើងភាពតានតឹង ។
លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមថែរក្សាសន្តិភាព UNនៅលីបង់ បានមើលឃើញការវាយលុកជាបន្តបន្ទាប់ដោយយោធាអ៊ីស្រាអែល ប៉ុន្តែពួកគេពុំទាន់មើលឃើញការវាយប្រហារពេញលេញនោះទេ ៕