អាហ្វហ្គានីស្ថាន៖ ការបញ្ជូនជំនួយមនុស្សធម៌វគ្គដំបូងពីប្រទេសចិន បានទៅដល់រដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ទី២៩ ខែកញ្ញា ហើយត្រូវបានប្រគល់ជូនរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកជនភៀសខ្លួន និងមាតុភូមិនិវត្តន៍លោក Khalil-ur Rahaman Haqqani។

ជំនួយសង្គ្រោះនេះនឹងត្រូវចែកចាយដល់ប្រជាជន ដែលត្រូវការចាំបាច់នៅអាហ្វហ្គានីស្ថានតាមរយៈក្រសួងជនភៀសខ្លួន និងមាតុភូមិនិវត្តន៍។ ជំនួយរួមមានភួយ និងអាវរងាដែលនឹងត្រូវចែកចាយដល់ជនភៀសខ្លួននៅក្នុងប្រទេស ខណៈរដូវរងាជិតចូលមកដល់។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយឥតលក្ខខណ្ឌ ដល់ប្រជាជនអាហ្វហ្គានីស្ថានចំនួន ១,៥លានដុល្លារ និងវ៉ាក់សាំងបង្ការវីរុសកូរ៉ូណាចំនួនមួយលានដូស។ ក្នុងជំនួបជាមួយលោក Khalil-ur Rahman Haqqani ឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីកាប៊ុលលោក Wang Yu បាននិយាយថា ប្រទេសរបស់លោកនឹងផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដល់ប្រជាជនអាហ្វហ្កានីស្ថានមុនរដូវរងាចូលមកដល់៕
អត្ថបទ៖ សុខមាន