អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ ថា មនុស្សជាង ១០ម៉ឺននាក់ បានផ្លាស់ទី ពីប្រទេសលីបង់ ចូលទៅស៊ីរី ខណៈដែលមនុស្សជាង ២០០.០០០នាក់ ត្រូវបានជម្លៀសចេញពីភាគខាងត្បូងប្រទេសលីបង់ ដោយសារបញ្ជាជម្លៀសត្រូវបានចេញដោយយោធាអ៊ីស្រាអែល។
លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការUN លោក អង់តូនី ហ្គុយតឺរេស (Antonio Guterres) បាននិយាយកាលពីថ្ងៃអង្គារថា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានព្រមានថា ចំនួនអ្នកផ្លាស់ទីលំនៅ ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលកងកម្លាំងការពារអ៊ីស្រាអែល បន្តចេញបញ្ជាជម្លៀស រួមទាំងនៅក្នុងភូមិចំនួន ៣០ នៅភាគខាងត្បូងប្រទេសលីបង់ ហើយការបញ្ជាទាំងនោះ ត្រូវបានចេញនៅចន្លោះថ្ងៃចន្ទ និងថ្ងៃអង្គារ។

អ្នកនាំពាក្យរូបនេះ បាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃមួយថា នៅភាគខាងជើងអ៊ីស្រាអែល មនុស្សជាង ៦០.000 នាក់ នៅតែត្រូវផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងរបស់ពួកគេ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បន្តបង្កើនការឆ្លើយតបបន្ទាន់របស់ខ្លួន និងធ្វើការជាមួយដៃគូ ដើម្បីផ្តល់ជំនួយផ្នែកមនុស្សធម៌ និងការការពារជាបន្ទាន់ក្នុងការឆ្លើយតបចំពោះជនភៀសខ្លួន នៅប្រទេសលីបង់។