ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារជាច្រើន ដោយកំណត់គោលទៅលើនាវាពីរគ្រឿង ដែលធ្វើដំណើរចេញពីឆ្នេរសមុទ្រយេ ម៉ែន។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទីលោក Yahya Sarea បាននិយាយថា ប្រតិបត្តិការដំបូង បានកំណត់គោលដៅលើនាវាប្រេងអង់គ្លេស Cordelia Moon នៅក្នុងសមុទ្រក្រហម ដោយប្រើប្រាស់មីស៊ីលបាលីស្ទីកនិងមីស៊ីលមានស្លាបចំនួន ៨គ្រាប់ យានដ្រូនមួយនាវា និងទូកគ្មានមនុស្សបើកមួយគ្រឿង។ លោកបានបន្ថែមថា ប្រតិបត្តិការនេះ «បានធ្វើឲ្យនាវានេះខូចខាតយ៉ាងធ្ងន់ធ្ងរ» ។ នេះបើយោងតាមទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុម។

លោកបាននិយាយថា៖«ប្រតិបត្តិការលើកទី២ បានកំណត់គោលដៅលើនាវា Marathopolis នៅក្នុងមហាសមុទ្រឥណ្ឌា ជាមួយនឹងមីស៊ីលតម្រង់គោលដៅ ហើយប្រតិបត្តិការទី៣ បានកំណត់គោលដៅលើនាវាដូចគ្នាម្តងទៀត នៅក្នុងសមុទ្រអារ៉ាប់»។
លោក Sarea បានបញ្ជាក់ថា៖ យើងនឹងមិនបញ្ឈប់ការវាយប្រហារឡើយ រហូតដល់ការឈ្លានពាន (អ៊ីស្រាអែល) លើតំបន់ហ្កាហ្សា ត្រូវបានបញ្ឈប់ ហើយការបិទផ្លូវត្រូវបានដកចេញ ក៏ដូចជាការឈ្លានពានរបស់ (អ៊ីស្រាអែល) លើលីបង់ ត្រូវបានបញ្ឈប់ផងដែរ»។