យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបញ្ជូននូវអ្វីដែលហាក់ដូចជាបាឡុងពោរពេញដោយសំរាម ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ នៅក្នុងការបង្ហោះបែបនេះជាលើកដំបូង ក្នុងរយៈពេល ១០ ថ្ងៃ។

អគ្គសេនាធិការចម្រុះ បាននិយាយថា កូរ៉េខាងជើង បានបង្ហោះបាឡុង ដោយព្រមានថា ពួកគេអាច បង្ហោះឆ្ពោះទៅទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ដែលនៅជាប់នោះ។
ចាប់តាំងពីចុងខែឧសភាមក កូរ៉េខាងជើង បានបង្ហោះបាឡុងជាង ៥.000គ្រាប់ ដែលផ្ទុកសំរាម ២២ ដង ដើម្បីជាការសងសឹកប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ដែលផ្ញើទៅកូរ៉េខាងជើងដោយអ្នករត់ចោលស្រុក និងសកម្មជនកូរ៉េខាងជើង នៅកូរ៉េខាងត្បូង។ ការបង្ហោះលើកចុងក្រោយ បានធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញា។

យោធាកូរ៉េខាងត្បូង បានប្តេជ្ញាថា នឹងចាត់វិធានការយោធា «យ៉ាងតឹងរ៉ឹង» ប្រសិនបើកូរ៉េខាងជើង «ឆ្លងកាត់ខ្សែបន្ទាត់នេះ» ជាមួយនឹងយុទ្ធនាការបង្ហោះបាឡុងផ្ទុកសំរាមដែលកំពុងបន្ត ឬធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកូរ៉េខាងត្បូងនោះ។