រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារមីស៊ីលដ៏ធំរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល ត្រូវបានបញ្ចប់ ប៉ុន្តែប្រសិនបើរដ្ឋជ្វីហ្វ សងសឹកវិញ ការវាយប្រហារថ្មីរបស់អ៊ីរ៉ង់ នឹងកាន់តែធំជាងនេះថែមទៀត។

លោកបានសរសេរនៅលើគណនីបណ្តាញសង្គម X របស់ខ្លួនថា៖«នៅល្ងាចនេះ [ថ្ងៃទី ១ ខែតុលា] យើងបានអនុវត្តការការពារខ្លួនតាមមាត្រា ៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយផ្តោតលើទីតាំងយោធា និងសន្តិសុខតែមួយគត់ដែលទទួលខុសត្រូវលើអំពើប្រល័យពូជសាសន៍ នៅហ្កាហ្សា និងប្រទេសលីបង់»។
«ប្រតិបត្តិការរបស់យើង [អាចត្រូវបាន] ចាត់ទុកថា បានបញ្ចប់ រហូតដល់របបអ៊ីស្រាអែលសម្រេចចិត្តងាកទៅរក[ទង្វើ]នៃការសងសឹកថ្មី» ។ «ក្នុងករណីនោះ ការឆ្លើយតបរបស់យើង នឹងកាន់តែខ្លាំង និងមានឥទ្ធិពលជាងមុនទៅទៀត»។
ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានបន្តថា៖ «យើងបានធ្វើដូច្នេះ បន្ទាប់ពីបានអនុវត្តការអត់ធ្មត់យ៉ាងខ្លាំងអស់ រយៈពេលជិតពីរខែ ដើម្បីផ្តល់ឱកាសសម្រាប់បទឈប់បាញ់នៅហ្កាហ្សា។ «សកម្មភាពរបស់យើង ត្រូវបានបញ្ចប់ ប៉ុន្តែបើរបបអ៊ីស្រាអែលសម្រេចចិត្តធ្វើការសងសឹកបន្ថែមទៀត នៅក្នុងស្ថានភាពនោះ ការឆ្លើយតបរបស់យើង នឹងកាន់តែរឹងមាំ និងខ្លាំងជាងមុន»។