ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅតាមតំបន់ជនបទក្នុងខេត្តបាត់ដំបងបាននាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ និងជួបជុំគ្នាធ្វើបុណ្យដោយសទ្ធាជ្រះថ្លា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ប្រជាពុទ្ធបរិស័ទដែលបាននាំយកចង្ហាន់ចូលរួមធ្វើបុណ្យនៅវត្តអង្រ្គង ស្ថិតក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្ហាញអារម្មណ៍សប្បាយរីករាយដែលបានជួបជុំក្រុមគ្រួសារនាំគ្នាធ្វើបុណ្យនាថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ។ ប្រជាពុទ្ធបរិស័ទលើកឡើងថា ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពសប្បាយរីករាយ និងសទ្ធាជ្រះថ្លានេះធ្វើឡើងបានដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងសុខសន្តិភាពពេញលេញ។
ប្រជាពុទ្ធបរិស័ទ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងដើម្បីប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែម។
សូមរំលឹកថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះ អ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយ សម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា៕