ភ្នំពេញ ៖ វត្ថុបុរាណខ្មែរចំនួនជាង១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញជាបន្តបន្ទាប់។
បើយោងតាមសេចកី្តជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារ លោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញ នៃសម្បតិ្តវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចកី្តជូនព័ត៌មាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប សាងអំពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។
ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ០៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរ និងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ បដិមាថ្ម ព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងនាងឧមា) និងកន្សៃទូកសំរឹទ្ធ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
រូបចម្លាក់ទាំង០៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យ វាយតម្លៃសំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕





