រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់ អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បានឆ្លងកាត់ «ខ្សែបន្ទាត់ក្រហម» ។

លោកបាននិយាយនៅលើបណ្តាញសង្គម Xថា៖«ថ្ងៃនេះ របបរបស់លោក Ayatollah បានឆ្លងផុតខ្សែបន្ទាត់ក្រហម ហើយរដ្ឋអ៊ីស្រាអែល នឹងមិននៅស្ងៀមទេ នៅពេលប្រឈមមុខនឹងការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីរ៉ង់មកលើពលរដ្ឋរបស់យើង។ ពិភពលោកសេរីទាំងមូល ត្រូវតែបន្តគាំទ្រអ៊ីស្រាអែល ក្នុងការបញ្ឈប់អ័ក្សនៃអំពើអាក្រក់របស់អ៊ីរ៉ង់ ដើម្បីកុំឲ្យយឺតពេល»។

លោក Katz បានថ្លែងអំណរគុណដល់អ្នកនយោបាយអន្តរជាតិមួយចំនួន ដែលបានសម្តែងការគាំទ្រដល់អ៊ីស្រាអែល។
លោកបាននិយាយថា៖«ការគាំទ្រ និងសាមគ្គីភាពពីមេដឹកនាំ និងប្រជាជាតិជុំវិញពិភពលោក នឹងមិនត្រូវបានគេបំភ្លេចឡើយ។ យើងដឹងថា នរណាជាមិត្តរបស់យើង»។
មុននេះ អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដោយមីស៊ីលដ៏ធំមួយ បានចេញពីប្រទេសអ៊ីរ៉ង់។ ការប្រកាសអាសន្នការវាយប្រហារផ្លូវអាកាស ត្រូវបានចេញនៅទូទាំងប្រទេស ហើយប្រជាជន ត្រូវបានបញ្ជាឲ្យរកទីជម្រកដែលមានសុវត្ថិភាព។ យោងតាមទិន្នន័យចុងក្រោយ មីស៊ីលប្រហែល ១៨០គ្រាប់ ត្រូវបានបាញ់សំដៅទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែយោងទៅតាមអ៊ីស្រាអែលភាគច្រើននៃពួកវា ត្រូវស្ទាក់ចាប់ បាន។