ការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ បានជំរុញឱ្យមានកិច្ចប្រឹងប្រែងជាថ្មីពីបណ្ដាអ្នកនយោបាយជាន់ខ្ពស់មួយចំនួនរបស់លីបង់ ដើម្បីបំពេញចន្លោះទំនេរនៃតំណែងប្រធានាធិបតីរយៈពេលពីរឆ្នាំមកនេះ ដែលជាជំហានដើម្បីបំបាត់ភាពជាប់គាំងនយោបាយរបស់រដ្ឋ ខណៈប្រទេសនេះជួបនឹងជម្លោះកាន់តែកើនឡើង។
លីបង់ មិនមានប្រធានាធិបតី ឬគណៈរដ្ឋមន្ត្រីដែលមានអំណាចពេញលេញឡើយចាប់តាំងពីខែតុលា ឆ្នាំ២០២២មក ដោយសារតែការតស៊ូអំណាច ដែលក្រុមហេសបូឡា បានដើរតួយ៉ាងសំខាន់។ រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ក្រុមមូស្លីមនិកាយស៊ីអ៊ីត ប្រដាប់ដោយអាវុធធន់ធ្ងន់ បានទទូចសុំតំណែងនេះទុកឱ្យសម្ព័ន្ធមិត្តរបស់ពួកគេគឺអតីតប្រធានាធិបតីលីបង់ លោក ស៊ូលីម៉ាន ហ្រ្វង់ហ្គេ (Suleiman Frangieh) ប៉ុន្តែមិនត្រូវបានយល់ព្រម។
ដោយក្រុមហេសបូឡា កំពុងងើបឡើងវិញពីការសម្លាប់មេដឹកនាំរបស់ខ្លួន លោក សាយយ៉េដ ហាសាន ណាស្រាលឡា (Sayyed Hassan Nasrallah) តំណែងប្រធានាធិបតីនេះបានទទួលការផ្តោតជាថ្មីក្នុងសប្តាហ៍នេះ នៅពេលដែលប្រធានសភាមកពីក្រុមមូស្លីមនិកាយស៊ីអ៊ីត លោក ណាប៊ី ប៊ឺរី (Nabih Berri) ដែលជាសម្ព័ន្ធមិត្តសំខាន់របស់ហេសបូឡា បានបង្ហាញភាពបត់បែនលើបញ្ហានេះ ដោយប្រាប់នាយករដ្ឋមន្រ្តី លោក ណាជីប មីកាទី (Najib Mikati) ថាលោកគាំទ្រការបោះឆ្នោតសម្រាប់ប្រធានាធិបតីដែលមិនតំណាងឱ្យ “បញ្ហាប្រឈម” ដល់នរណាម្នាក់។
ក្រុមមន្ត្រីហេសបូឡា បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមនេះបានផ្ដល់អំណាចឱ្យលោក Berri ដើម្បីចរចាជំនួសនាមឱ្យក្រុមខ្លួនលើបញ្ហានេះ។ សូមបញ្ជាក់ថា តំណែងប្រធានាធិបតីត្រូវសម្រេចដោយការបោះឆ្នោតក្នុងសភាចំនួន ១២៨អាសនៈរបស់លីបង់។ ពុំមានសម្ព័ន្ធភាពនយោបាយណាមួយមានអាសនៈគ្រប់គ្រាន់ដើម្បីដាក់ជម្រើសរបស់ខ្លួនទេ នោះមានន័យថាការយោគយល់គ្នាក្នុងចំណោមប្លុកគូប្រជែងគឺចាំបាច់ដើម្បីធានាការបោះឆ្នោតជ្រើសរើសបេក្ខជនស័ក្ដិសមម្នាក់៕


