ភ្នំពេញ៖ កម្ពុជាបានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្សរហូតដល់ទៅជិត ១ពាន់នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេស ដែលនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាង ២ខែចុងក្រោយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្សចំនួន ៩៧៨នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ក្នុងនោះករណីឆ្លងថ្មី ៨១នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ ១១២ ៦៥១នាក់ហើយគិតត្រឹមថ្ងៃនេះចាប់តាំងពីកម្ពុជាបានរកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០២០កន្លងមក។
បើតាមក្រសួងសុខាភិបាល នេះជាលើកដំបូងហើយដែលកម្ពុជាបានកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងថ្ងៃទី១៦ ខែកក្កដា នៅពេលដែលកម្ពុជាបានរកឃើញមនុស្សដល់ទៅ ៩៩៦នាក់ បានឆ្លងជំងឺកូវីដ-១៩នៅក្នុងរយៈពេល ២៤ម៉ោង។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា មនុស្ស ១៧នាក់ទៀត បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះផងដែរកាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ២ ៣១៩នាក់ហើយគិតត្រឹមថ្ងៃនេះ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន ១០២ ៨២៧នាក់ហើយ ឬប្រហែលជាង ៩១ភាគរយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៦០៥នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕