រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសមួយ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះថា ប្រទេសរុស្ស៊ីប្ដេជ្ញាឈរក្បែរប្រទេសចិន លើបញ្ហាផ្សេងៗរបស់អាស៊ី រួមទាំងការរិះគន់របស់សហរដ្ឋអាមេរិក ដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននិង “ការប៉ុនប៉ងដោយចេតនា” ដើម្បីធ្វើឱ្យស្ថានភាពជុំវិញកោះតៃវ៉ាន់ កាន់តែក្តៅគគុក។
លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) នៅក្នុងអត្ថបទមួយដែលចេញផ្សាយនៅក្នុងកាសែតរដ្ឋាភិបាល រ៉ូស៊ីស្កាយ៉ា ហ្កាហ្សែតា (Rossiiskaya Gazeta) ក៏បានសរសើរវិធីសាស្រ្តរបស់ទីក្រុងប៉េកាំង ចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយបាននិយាយថាប្រទេសទាំងពីរចង់លុបបំបាត់បញ្ហា ដែលទីក្រុងមូស្គូនិយាយថាស្ថិតនៅពីក្រោយជម្លោះ។
ក្នុងអត្ថបទដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរបស់រុស្ស៊ីជាមួយចិន លោក Lavrov បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានរក្សាជំហរជិតស្និទ្ធ “ក្នុងការវាយតម្លៃហានិភ័យដែលទាក់ទងនឹងការឈានទៅមុខរបស់លោកខាងលុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ លោក Lavrov បានលើកឡើងថា “សហរដ្ឋអាមេរិក និងផ្កាយរណបរបស់ខ្លួន មានចេតនាធ្វើឱ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កាន់តែវឹកវរ”។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាម្តងហើយម្តងទៀតថានឹងនាំយកកោះតៃវ៉ាន់ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ដោយបង្ខំប្រសិនបើចាំបាច់។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
ក្នុងសប្តាហ៍នេះ លោក Xi បាននិយាយនៅក្នុងសុន្ទរកថាមួយថា តំបន់តៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃទឹកដីរបស់ចិន ខណៈសន្យាថានឹង “ប្រឆាំងដាច់ខាត” រាល់សកម្មភាពផ្ដាច់ខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់”៕


