រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (០២ តុលា) ថា លោកកំពុងរារាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) មិនឱ្យចូលទៅក្នុងប្រទេសនេះ ដោយសារតែលោកមិនបាន “ថ្កោលទោសយ៉ាងច្បាស់” ចំពោះការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល។
គួរបញ្ជាក់ថា អ៊ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទិកជាង ១៨០គ្រាប់ទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ ស្របពេលមានកំណើនការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រយុទ្ធតំណាង (ប្រូកស៊ី) របស់ខ្លួននៅក្នុងប្រទេសលីបង់ គឺក្រុមហេសបូឡា។ មីស៊ីលជាច្រើនត្រូវបានស្ទាក់ចាប់ក្នុងការហោះហើរ ប៉ុន្តែខ្លះបានទម្លាយរបាំងការពារមីស៊ីល។
លោក Guterres កាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយបន្ទាប់ពីការវាយប្រហារដោយនោះ ដោយថ្កោលទោស “ការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ាជាមួយនឹងភាពតានតឹងជាបន្តបន្ទាប់”។ កាលពីព្រឹកថ្ងៃអង្គារដដែលនោះ អ៊ីស្រាអែល បានបញ្ជូនទ័ពចូលទៅកាន់ភាគខាងត្បូងលីបង់។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បាននិយាយថា ការបរាជ័យរបស់លោក Guterres ក្នុងការថ្កោលទោសច្បាស់ៗលើអ៊ីរ៉ង់ ធ្វើឱ្យលោកក្លាយជាមនុស្សមិនត្រូវបានគេពេញចិត្តនៅអ៊ីស្រាអែល។
នៅពេលសាកសួរអំពីសកម្មភាពហាមប្រាមនេះនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បាននិយាយថា “ជំហានបែបនេះគឺមិនមានផលល្អសម្រាប់អ៊ីស្រាអែលការកែលម្អជំហររបស់ខ្លួននៅក្នុងពិភពលោកទេ”៕


