តុលាការសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះ បានកាត់ទោសអតីតរដ្ឋមន្ត្រីមួយរូបឱ្យជាប់ពន្ធនាគាររយៈពេល ១២ខែពីបទរារាំងយុត្តិធម៌ និងទទួលបានអំណោយជាង ៣០០.០០០ដុល្លារ ដែលជាការជាប់ពន្ធនាគារលើកដំបូងរបស់អតីតសមាជិកគណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋដែលមានភាពល្បីល្បាញចំពោះអភិបាលកិច្ចស្អាត។
លោក អេស អ៊ីស្វារ៉ាន់ (S. Iswaran) ដែលជាសមាជិកគណៈរដ្ឋមន្ត្រីអស់រយៈពេល ១៣ឆ្នាំ ហើយបានកាន់កាប់ផ្នែកពាណិជ្ជកម្ម ទំនាក់ទំនង និងការដឹកជញ្ជូន បានផ្ដល់ចម្លើយពីភាពមានទោសចំពោះបទចោទ ៤ករណីនៃការទទួលអំណោយមិនត្រឹមត្រូវ និងមួយករណីនៃការរារាំងយុត្តិធម៌។ តុលាការបាននិយាយថា លោក Iswaran វ័យ ៦២ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យបន្តនៅក្រៅឃុំសម្រាប់ពីរបីថ្ងៃខាងមុខ ហើយចាប់ផ្តើមការជាប់ពន្ធនាគាររបស់ខ្លួននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
សំណុំរឿងនេះបានធ្វើឱ្យកក្រើកសិង្ហបុរី ដែលមានមោទនភាពចំពោះការិយាធិបតេយ្យប្រាក់ខែសមរម្យ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងអភិបាលកិច្ចស្អាតស្អំដ៏រឹងមាំរបស់ខ្លួន។ សិង្ហបុរីស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយតិចបំផុតទាំង ៥របស់ពិភពលោកកាលពីឆ្នាំមុន នេះបើយោងតាមសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ។
សំណុំរឿងពុករលួយចុងក្រោយដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីសិង្ហបុរីគឺនៅឆ្នាំ១៩៨៦ នៅពេលដែលរដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិរបស់ខ្លួនត្រូវបានស៊ើបអង្កេតពីបទស៊ីសំណូក ប៉ុន្តែបានទទួលមរណភាពមុនពេលការចោទប្រកាន់ណាមួយត្រូវបានបញ្ជូនទៅតុលាការ៕