អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃពុធ (០២ តុលា) ថា ប្រទេសរុស្ស៊ី បានច្រានចោលលទ្ធភាពនៃកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយលើកឡើងពីជំហររបស់ទីក្រុងវ៉ាស៊ីនតោន លើការពង្រីកអង្គការណាតូ (NATO)។
លោកស្រី Zakharova បាននិយាយថា “យើងមើលមិនឃើញពីចំណុចសំខាន់ណាមួយក្នុងការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន ដោយមិនមានការគោរពចំពោះផលប្រយោជន៍ជាមូលដ្ឋានរបស់រុស្ស៊ីនោះទេ។ នេះគឺដោយសារតែជំហរនៃការពង្រីករបស់សម្ព័ន្ធយោធាណាតូ ទៅក្នុងលំហក្រោយសូវៀត ដែលបង្កការគំរាមកំហែងដល់សន្តិសុខរួម”។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្គូវ (Dmitry Peskov) បាននិយាយថា រុស្ស៊ីនឹងមិនពិភាក្សាពីការចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីជាមួយសហរដ្ឋអាមេរិក ដើម្បីជំនួសកិច្ចព្រមព្រៀងដែលកំណត់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ភាគីនីមួយៗ ដែលផុតកំណត់នៅឆ្នាំ២០២៦ទេ ដោយសារតែអាមេរិក ត្រូវការបង្កើន និងពង្រីកសម្ព័ន្ធនេះដើម្បីគ្របដណ្តប់លើរដ្ឋផ្សេងទៀត៕


