នៅក្នុងឯកសារតុលាការមួយដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ (០២ តុលា) លើសំណុំរឿងបង្វែរលទ្ធផលឆ្នោតនៅសហរដ្ឋអាមេរិកបានបង្ហាញថា ក្រុមរដ្ឋអាជ្ញាអាមេរិក បាននិយាយថា លោក Donald Trump កំពុងធ្វើសកម្មភាពបែបនោះនៅក្រៅវិសាលភាពនៃភារកិច្ចរបស់លោកជាប្រធានាធិបតី នៅពេលលោកដាក់សម្ពាធលើបណ្ដាមន្ត្រីរដ្ឋ និងលោកអនុប្រធានាធិបតី ម៉ៃ ផេន (Mike Pence) នៅពេលនោះ ឱ្យព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលលោកបានចាញ់ទល់នឹងលោកប្រធានាធិបតី Joe Biden។
ឯកសារដែលមាន ១៦៥ទំព័រនោះ ទំនងជាឱកាសចុងក្រោយរបស់រដ្ឋអាជ្ញាដើម្បីលម្អិតពីសំណុំរឿងរបស់ពួកគេប្រឆាំងនឹងលោក Trump មុនការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដែលអាចនឹងមិនមានការកាត់ក្តីទេ មុនលោក Trump ប្រឈមមុខនឹងអនុប្រធានបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris។
ឯកសារតុលាការនេះមានបំណងរក្សាសំណុំរឿងវិទ្ធង្សនា (បំផ្លាញលិទ្ធិប្រជាធិបតេយ្យ) នៃការបោះឆ្នោតសហព័ន្ធប្រឆាំងនឹងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះបន្តទៅមុខ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលខែកក្កដា របស់អាមេរិក ដែលថាអតីតប្រធានាធិបតីមានអភ័យឯកសិទ្ធិទូលំទូលាយពីការកាត់ទោសចំពោះសកម្មភាពផ្លូវការរបស់ពួកគេក្នុងតំណែង។
រដ្ឋអាជ្ញាដែលធ្វើការជាមួយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) បានដាក់ចេញនូវការចោទប្រកាន់ដ៏ទូលំទូលាយនៃការប្រព្រឹត្តរបស់លោក Trump បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២០ ដែលភាគច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមរយៈរបាយការណ៍ព័ត៌មាន ការរកឃើញពីគណៈកម្មាធិការសភាដែលស៊ើបអង្កេតកុបកម្មលើវិមានកាពីតូល ឬការចោទប្រកាន់ដែលទទួលបានដោយលោក Smith នៅក្នុង សំណុំរឿងនេះ។ លោក Trump បានបន្តបដិសេធថាខ្លួនមិនបានធ្វើខុសអ្វីនោះឡើយជុំវិញបណ្ដឹងនេះ៕


