ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃពុធ (០២ តុលា) ថា លោកនឹងមិនគាំទ្ររាល់ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទិករបស់ខ្លួនឡើយ ហើយបានជំរុញឱ្យអ៊ីស្រាអែល ធ្វើសកម្មភាព “សមាមាត្រ” ប្រឆាំងនឹងសត្រូវក្នុងតំបន់របស់ខ្លួន។
លោក Biden បានលើកឡើងបែបនេះមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលជាង ១៨០គ្រាប់ទៅកាន់អ៊ីស្រាអែល ដែលជាប្រតិបត្តិការដែលលោកបានពិពណ៌នាពីមុនថា “គ្មានប្រសិទ្ធភាព”។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា អ៊ីរ៉ង់នឹងត្រូវសងវិញសម្រាប់ការវាយប្រហារនេះ។
អ្នកវិភាគមួយចំនួននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែល ទំនងជាមានភាពមុតស្រួចជាងពេលដែលអ៊ីរ៉ង់ បាញ់មីស៊ីល និងយានដ្រូនលើអ៊ីស្រាអែលកាលពីខែមេសា ដោយលើកឡើងថាពេលនេះអ៊ីស្រាអែលអាចកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ ឬប្រេងរបស់ទីក្រុងតេអេរ៉ង់។ អ្នកជំនាញផ្សេងទៀតរំពឹងថា អាមេរិកនឹងព្យាយាមម្តងទៀតដើម្បីសម្របសម្រួលការឆ្លើយតបរបស់អ៊ីស្រាអែល ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបញ្ចៀសសង្គ្រាមក្នុងតំបន់។
នៅពេលសាកសួរថាតើលោកនឹងគាំទ្រអ៊ីស្រាអែល ឱ្យវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដូចដែលខ្លួនបានគំរាមកំហែងជាយូរមកហើយនោះឬទេ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា “ចម្លើយគឺទេ”។ លោក Biden បាននិយាយថា ទណ្ឌកម្មបន្ថែមទៀតនឹងត្រូវដាក់លើអ៊ីរ៉ង់ ហើយលោកនឹងពិភាក្សាជាមួយលោក Netanyahu ក្នុងពេលឆាប់ៗនេះ។
យោងតាមប្រភពជិតស្និទ្ធិនឹងបញ្ហានេះបានឱ្យដឹងថា ក្រុមមន្ត្រីអ៊ីស្រាអែលបានប្រាប់សមភាគីអាមេរិកថា ពួកគេនៅតែធ្វើការលើគោលដៅ ពេលវេលា និងមធ្យោបាយសម្រាប់ការឆ្លើយតបចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់៕


