អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកនៅកណ្តាលទីក្រុងបេរូត របស់លីបង់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានទទួលរងការខាតបង់ដ៏អាក្រក់បំផុតនៅលើសមរភូមិជួរមុខលីបង់ ក្នុងរយៈពេលមួយឆ្នាំនៃការប៉ះទង្គិចគ្នាជាមួយក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។
អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារផ្លូវអាកាសយ៉ាងជាក់លាក់លើក្រុងបេរូត។ សាក្សីរបស់សារព័ត៌មានរ៉យទ័ររាយការណ៍ថាបានឮសំឡេងផ្ទុះដ៏ធំមួយ ហើយប្រភពសន្តិសុខនិយាយថា ការវាយប្រហារនោះកំណត់គោលដៅលើអគារមួយនៅកណ្តាលតំបន់លំនៅឋាន បាឈូរ៉ា (Bachoura) នៃទីក្រុងបេរូត នៅជិតវិមានសភា ដែលជាការវាយប្រហារនៅជិតបំផុតរបស់អ៊ីស្រាអែល ក្បែរអាសនៈរដ្ឋាភិបាលលីបង់។
មន្ត្រីសុខាភិបាលលីបង់ និយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និង ៧នាក់រងរបួស។ មន្ត្រីសន្តិសុខលីបង់ និយាយថា មីស៊ីលចំនួន ៣គ្រាប់ក៏បានវាយប្រហារជាយក្រុងភាគខាងត្បូង ដាហ៊ីយ៉េ (Dahiyeh) ជាទីដែលមេដឹកនាំក្រុម ហេសបូឡា លោក ហាសាន ណាស្រាលឡា (Hassan Nasrallah) ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ហើយសំឡេងរផ្ទុះយ៉ាងខ្លាំងត្រូវបានលាន់ឮ។ តំបន់ជាយក្រុងភាគខាងត្បូងបានស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល រាប់សិបដងកាលពីថ្ងៃពុធ។
មួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនជាង ១៨០គ្រាប់ទៅលើទឹកដីខ្លួន អ៊ីស្រាអែលននិយាយកាលពីថ្ងៃពុធថា ទាហាន ៨នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធថ្មើរជើងនៅភាគខាងត្បូងលីបង់ ខណៈកងកម្លាំងរបស់ខ្លួនបានបន្តវាយប្រហារទៅលើប្រទេសជិតខាងភាគខាងជើងមួយនេះ៕


