ក្រុមសិស្ស និងបាតុករនៅប្រទេសម៉ិកស៊ិក បានប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃពុធ (០២ តុលា) ក្នុងទីក្រុង ម៉ិកស៊ិកូស៊ីធី អំឡុងការតវ៉ាមួយដើម្បីរំលឹកខួបលើកទី៥៦ នៃការសម្លាប់រង្គាលនៅទីលានចតុរង្គ ត្លាតេឡូខូ (Tlatelolco) ឆ្នាំ១៩៦៨។
ខ្សែវីដេអូបានបង្ហាញក្រុមបាតុករ ដែលខ្លះពាក់របាំងមុខពណ៌ខ្មៅគប់វត្ថុផ្សេងៗ និងគ្រាប់បែកសាំងលើនគរបាលប្រដាប់អាវុធធុនធ្ងន់ និងទីស្នាក់ការរបស់អភិបាលក្រុង Mexico City។ ក្រុមបាតុករបានចោទប្រកាន់រដ្ឋជុំវិញស្ថានភាពស្មុគស្មាញក្នុងការសម្លាប់រង្គាលឆ្នាំ១៩៦៨ ដោយរិះគន់ពីកង្វះយុត្តិធម៌។
គួរម្លឹកថា នៅក្នុងហេតុការណ៍នោះ កងកម្លាំងសន្តិសុខបានវាយលុកទៅលើការតវ៉ារបស់និស្សិតនៅកណ្តាលទីក្រុង Mexico City បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ប៉ុន្តែសាក្សី និងសកម្មជនសិទ្ធិមនុស្សអះអាងថា ចំនួនអ្នកស្លាប់អាចមានរហូតដល់ ៣០០នាក់។ សម្លាប់រង្គាលលើនិស្សិតនោះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៦៨ របស់ប្រទេសម៉ិកស៊ិក៕


