ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃពុធ (០២ រុលា) ថា ជនអន្តោប្រវេសន៍ ៦នាក់ បានស្លាប់បន្ទាប់ពីទាហានម៉ិកស៊ិក បានបាញ់រះទៅលើក្រុមជនអន្តោប្រវេសន៍ចំនួន ៣៣នាក់ ដែលធ្វើដំណើរតាមរថយន្តភីកអាប់មួយគ្រឿងដែលព្យាយាមគេចពីការល្បាតរបស់យោធា ដោយគូសបញ្ជាក់ភាពតានតឹងនៅព្រំដែនភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក ខណៈខ្លួនប្រឈមមុខនឹងសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍ ១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអង្គារនោះ។ ក្រុមនេះរួមមានជនជាតិអេហ្ស៊ីប នេប៉ាល់ គុយបា ឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីសញ្ជាតិរបស់អ្នកស្លាប់នោះទេ។
ក្រសួងបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅមុនម៉ោង ៩យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ ខណៈក្រុមល្បាតធ្វើដំណើរលើផ្លូវហាយវេមួយនៅជិតតំបន់ វួយត្លា (Huixtla) ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីទីក្រុង តាប៉ាឈូឡា (Tapachula) ជាប់ព្រំដែនហ្គាតេម៉ាឡា។
ប្រភពបានឱ្យដឹងថា រថយន្តភីកអាប់នោះ បានបើកតាមពីក្រោយដោយរថយន្តពីរគ្រឿង ដែលស្រដៀងនឹងរថយន្តដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់នៅក្នុងតំបន់ ហើយទាហានបានរាយការណ៍ថាបានឮសំឡេងផ្ទុះ ក្រោយមកមន្ត្រីពីរនាក់ក៏បានបើកការបាញ់ប្រហារ។ ជនអន្តោប្រវេសន៍ ៤នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈ ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ៕