លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅក្នុងសេចក្ដីអត្ថាធិប្បាយដែលចេញផ្សាយកាលពីថ្ងៃពុធ (០២ តុលា) ថា ប្រទេសអ៊ុយក្រែន អាចផលិតយានដ្រូនបានចំនួន ៤លានគ្រឿងក្នុងមួយឆ្នាំ ហើយកំពុងបង្កើនការផលិតសព្វាវុធផ្សេងទៀតរបស់ខ្លួនយ៉ាងឆាប់រហ័ស។
ថ្លែងកាលពីថ្ងៃអង្គារ ទៅកាន់ក្រុមនាយកប្រតិបត្តិពីក្រុមហ៊ុនផលិតអាវុធបរទេសរាប់សិបស្ថាប័ននៅក្នុងទីក្រុងគីវ លោក Zelenskiy បាននិយាយថា អ៊ុយក្រែន បានចុះកិច្ចសន្យារួចហើយដើម្បីផលិតយានដ្រូនចំនួន ១,៥លានគ្រឿងនៅឆ្នាំនេះ។ ការផលិតយានដ្រូនគឺស្ទើរតែមិនមានទាល់តែសោះនៅក្នុងអ៊ុយក្រែន មុនពេលប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោកនាយករដ្ឋមន្រ្តី ដេនី ស្មីហាល (Denys Shmyhal) បានប្រាប់កិច្ចប្រជុំដដែលនេះថា អ៊ុយក្រែនបានបង្កើនការផលិតសព្វាវុធក្នុងស្រុកសរុបរបស់ខ្លួន ៣ដងក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកបានបង្កើនទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ ៨ខែដំបូងនៃឆ្នាំនេះ។ ក្រុមមន្ត្រីអ៊ុយក្រែនមិនបានផ្តល់តួលេខច្បាស់លាស់ពីគ្រឿងយុទ្ធោបករណ៍ដែលផលិតបាននោះទេ។
អស់រយៈពេលជាង ៣១ខែនៅក្នុងសង្រ្គាមរបស់ខ្លួនទល់នឹងកងកម្លាំងរុស្ស៊ីដោយគ្មានសញ្ញាបញ្ចប់ អ៊ុយក្រែន បានចំណាយប្រហែលពាក់កណ្តាលនៃថវិការដ្ឋរបស់ខ្លួន ឬប្រហែល ៤០ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ។ រុស្ស៊ី ដែលមានសមត្ថភាពការពារជាតិធំខ្លាំងជាងទីក្រុងគីវ និងសម្បូរបែបជាងប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងដំឡើងការចំណាយលើវិស័យយោធាចំនួន ២៥% នៅឆ្នាំក្រោយពីកម្រិតឆ្នាំ២០២៤ នេះទៅដល់ប្រហែល ១៤៥ពាន់លានដុល្លារ៕


